ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > នៅក្នុងឆ្នាំ២០២៥ តើមានពន្ធអ្វីខ្លះទាក់ទងនឹងអចលនទ្រព្យ ហើយមានការលើកលែងបែបណា?

នៅក្នុងឆ្នាំ២០២៥ តើមានពន្ធអ្វីខ្លះទាក់ទងនឹងអចលនទ្រព្យ ហើយមានការលើកលែងបែបណា?

2025-01-10
603
0
សង្ខេប:Compass នឹងបង្ហាញជូនអ្នកអាននូវប្រភេទពន្ធ អត្រា លក្ខខណ្ឌលើកលែងទូទៅ ការអនុគ្រោះទូទៅ និងសម្រាប់ក្នុងឆ្នាំ ២០២៥ ដើម្បីជាជំនួយដល់លោកអ្នកដែលមានគោលបំណងទិញ លក់ ឬជួលអចលនទ្រព្យរបស់ខ្លួន ចៀសវាងពីការភ័ន្តច្រលំ ឬអាចទទួលរងពិន័យផ្សេងៗជាដើម។

ទោះបីជាជំងឺឆ្លង និងវិបត្តិនានាបានកន្លងផុតទៅរយៈពេលយូរក៏ដោយ ប៉ុន្តែផលប៉ះពាល់ក្នុងវិស័យអចលនទ្រព្យនៅតែមានមិនថានៅតំបន់ ឬប្រទេសណាក៏ដោយ ហើយប្រទេសកម្ពុជាយើងក៏ចៀសមិនផុសអំពីបញ្ហាទាំងអស់នេះដូចគ្នា។ ប៉ុន្តែទោះជាបែបនេះក៏ដោយ ក្នុងរាជរដ្ឋាភិបាលកម្ពុជា តែងតែរកដំណោះស្រាយដើម្បីជួយស្ដារវិស័យអចលនទ្រព្យនៅក្នុងប្រទេស។ ជាក់ស្ដែង នាខែតុលា ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ទាក់ទងនឹងការលើកលែងពន្ធមួយចំនួនដែលទាក់ទងនឹងវិស័យអចលនទ្រព្យ។ 

1.jpg

លុះមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ ដែលសម្តេចបានកំពុងរៀបចំឱ្យមានគោលការណ៍លើកទឹកចិត្តថ្មីមួយទៀត សម្រាប់អ្នកទិញផ្ទះលើកទី១ ទៀតផង។ ហើយនៅក្នុងដើមខែមករា ឆ្នាំ២០២៥ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសជាផ្លូវការទាក់ទងនឹងការលើកលែងនិងអនុគ្រោះលើប្រតិបត្តិការមួយចំនួនក្នុងវិស័យនេះដែរ។ 

2.jpg

តើពន្ធដែលទាក់ទងនឹងអចលនទ្រព្យរួមមានអ្វីខ្លះ? ហើយនឹងទទួលបានការលើកលែង និងអនុគ្រោះពន្ធតាមរូបភាពណាខ្លះ?

នាពេលនេះ Compass នឹងបង្ហាញជូនអ្នកអាននូវប្រភេទពន្ធ អត្រា លក្ខខណ្ឌលើកលែងទូទៅ ការអនុគ្រោះទូទៅ និងសម្រាប់ក្នុងឆ្នាំ ២០២៥ ដើម្បីជាជំនួយដល់លោកអ្នកដែលមានគោលបំណងទិញ លក់ ឬជួលអចលនទ្រព្យរបស់ខ្លួន  ចៀសវាងពីការភ័ន្តច្រលំ ឬអាចទទួលរងពិន័យផ្សេងៗជាដើម។ 


3 en-kh.jpg

⁕ និយមន័យ 

ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលមានការទិញលក់ឬដោះដូរឬធ្វើអំណោយអចលនទ្រព្យ ឬការដាក់ហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។

⁕ អ្នកជាប់កាតព្វកិច្ចពន្ធ

អ្នកត្រូវទទួលកាតព្វកិច្ចបង់ពន្ធ គឺអ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យចុងក្រោយគេបង្អស់ ដោយជាទូទៅគឺជាអ្នកទិញ ប៉ុន្តែភាគីទាំងសងខាងអាចចរចារគ្នាទៅតាមកិច្ចសន្យាទិញលក់។ អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាឱ្យបានគ្រប់ក្នុងរយៈពេល ៣ខែ បន្ទាប់ពីធ្វើការផ្ទេរសិទ្ធិទៅតាមនីតិវិធីរួចរាល់។ 

⁕ អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

អត្រាពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យត្រូវបានកំណត់តាមអត្រា ៤ ភាគរយនៃមូលដ្ឋានគិតពន្ធ ដោយមូលដ្ឋានគិតពន្ធគឺជាតម្លៃអចលនទ្រព្យសរុប (ដី ឬ/និងសំណង់) ដែលកំណត់ដោយគណកម្មការវាយតម្លៃអចលនទ្រព្យ។

+ ការគណនាប្រាក់ពន្ធ

- ករណីមានការអនុគ្រោះពន្ធ

មូលដ្ឋានគិតពន្ធ = តម្លៃអចលនទ្រព្យសរុប - ការអនុគ្រោះពន្ធ

⇒ ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ * ៤%

- ករណីមិនមានការអនុគ្រោះពន្ធ

⇒ ប្រាក់ពន្ធត្រូវបង់ = តម្លៃអចលនទ្រព្យសរុប * ៤%

⁕ ការលើកលែងពន្ធទូទៅ

✧ ការធ្វើសន្តតិកម្មរវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តី និងប្រពន្ធ ,រវាងយាយ តាបង្កើត និងចៅបង្កើត (១)

✧ ការធ្វើប្រទានកម្មលើកទី១ រវាងរង្វង់ញ្ញាតិខាងលើ

✧ ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រ សង់លំនៅដ្ឋានឬ/និងធ្វើកសិឧស្សាហកម្ម ឬកសិកម្មលក្ខណៈគ្រួសារ

✧ អចលនទ្រព្យ ដែលចុះបញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័នរដ្ឋ របស់បេសកម្មទូតឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

⁕ ការអនុគ្រោះពន្ធទូទៅ

១. ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុង “រង្វង់ញាតិ ” រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ ឬរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត

ករណីខាងលើត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា៖

✧ សន្តតិកម្ម : ចំនួន ២០០ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធ ៨ ០០០ ០០០ រៀល

✧ ប្រទានកម្ម : ចំនួន ១០០ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធ ៤ ០០០ ០០០ រៀល

ករណីមានប្រាក់ពន្ធត្រូវបង់លើសពីនេះ ត្រូវបង់ចំណែកដែលលើសនោះ។

២. ការធ្វើប្រទានកម្មចាប់ពី “លើកទី២តទៅ”លើអចលនទ្រព្យដដែលក្នុង “រង្វង់ញាតិ ” រវាងឪពុក-ម្តាយនិងកូនបង្កើត, រវាងប្តីនិងប្រពន្ធ, រវាងយាយ-តាបង្កើតនិងចៅបង្កើត, ពីឪពុក-ម្តាយទៅឱ្យកូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍) និងពីយាយតាទៅចៅបង្កើតនិងចៅប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)

ករណីខាងលើត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ១០០ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធចំនួន ៤ ០០០ ០០០ រៀល។ ករណីមានប្រាក់ពន្ធត្រូវបង់លើសពីនេះ ត្រូវបង់ចំណែកដែលលើសនោះ។

5.png

⁕⁕ ការលើកលែងពន្ធក្នុងឆ្នាំ២០២

យោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងលក្ខខណ្ឌដូចខាងក្រោម៖ 

១. លើកលែងការបង់ពន្ធប្រថាប់ត្រា ចំពោះបុគ្គលទាំងឡាយណា ដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ មុនឆ្នាំ២០២៥ ឬក្នុងឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ២០២៥ សម្រាប់លំនៅឋានមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារអាមេរិក។ 

- អនុគ្រោះលើការបង់ពន្ធប្រថាប់ត្រា ចំពោះបុគ្គលទាំងឡាយណា ដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ មុនឆ្នាំ២០២៥ ឬក្នុងឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ២០២៥ សម្រាប់លំនៅឋានដែលមានតម្លៃលើសពី ២១ ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ 

២. ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ ដែលទិញមុនឆ្នាំ២០២៥ ឬក្នុងឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិក្នុងឆ្នាំ២០២៥ ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ 

** សូមបញ្ជាក់ផងដែរថា រាល់ការទិញលំនៅឋានដែលមានលក្ខណៈជាបុរី ឬខុនដូ មិនថាជាលើកដំបូង លើកទី២ ឬលើកទីប៉ុន្មានក៏ដោយ គឺត្រូវតែទិញពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ 

ហើយប្រសិនបើទិញលំនៅឋានដូចខាងលើ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវទទួលបានការលើកលែងនិងការអនុគ្រោះពន្ធដូចខាងលើនេះដែរ។ 

ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានប្រសិទ្ធិភាពចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមនិងការប្រាក់) ដែលបានបង់រួចរាល់ហើយនោះទេ។

 

6 en-kh.jpg

⁕ និយមន័យ

ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០ លានរៀលនិងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងរដ្ឋបាលក្រុងនៃខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ 

⁕ អ្នកជាប់កាតព្វកិច្ចពន្ធ

អ្នកជាប់ពន្ធ គឺជារូបវន្ត ឬនីតិបុគ្គលដែលកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលចុងក្រោយ។ មានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

⁕ អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

អត្រាពន្ធលើអចលនទ្រព្យត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១ ភាគរយ លើមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺ ៨០% នៃតម្លៃអចលនទ្រព្យសរុប (ទាំងតម្លៃដី ឬ/និងតម្លៃសំណង់) តាមអាយុកាលសំណង់ និងប្រភេទសំណង់ ដែលកំណត់ដោយគណកម្មការវាយតម្លៃអចលនទ្រព្យ ដោយដកនូវទឹកប្រាក់ចំនួន ១០០ ០០០ ០០០ រៀលសម្រាប់អចលនទ្រព្យមួយកន្លែង។

មូលដ្ឋានគិតពន្ធ = (តម្លៃអចលនទ្រព្យ * ៨០%) - ១០០ ០០០ ០០០ រៀល

+ ការគណនាប្រាក់ពន្ធ

⇒ ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ * ០,១%

⁕ ការលើកលែងពន្ធទូទៅ

✧ អចលនទ្រព្យដែលជាដីកសិកម្ម  ( មិនត្រូវបានលើកលែងទេចំពោះចំនែកណាមួយដែល មិនបម្រើផ្ទាល់និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម)

✧ អចលនទ្រព្យរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋាភិបាល(អចលនទ្រព្យរបស់សហគ្រាសសាធារណៈឬក្រុមហ៊ុនចម្រុះរដ្ឋមិនត្រូវបានលើកលែងពន្ធទេ)

✧ អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ឬបុគ្គលណាមួយ សម្រាប់គោលដៅសាសនានិងសប្បុរសធម៌សុទ្ធសាធ

✧ អចលនទ្រព្យជាកម្មសិទ្ធិ របស់បេសកម្មការទូត ឬកុងស៊ុលបរទេស និង អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រត្តិបត្តិការបច្ចេកទេសបរទេស

✧ អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ

✧ អចលនទ្រព្យដែលសាងសង់លើដីធ្លីកសិកម្មដែលបម្រើផ្ទាល់និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម

✧ អចលនទ្រព្យរងគ្រោះដោយករណីប្រធានសក្តិ

✧ ផ្ទះអគារ និងសំណង់ ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់។ ប៉ុន្តែដីត្រូវជាប់ពន្ធលើអចលនទ្រព្យ។

✧ អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស

⁕⁕ ការលើកលែងពន្ធក្នុងឆ្នាំ២០២៥

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤  បានបង្ហាញអំពីលើការលើកលែងមួយចំនួនសម្រាប់ពន្ធលើអចលនទ្រព្យមានដូចជា៖ 

8 (2).png

- លើកលែងពន្ធលើអចលនទ្រព្យ រួមទាំងទណ្ឌកម្មរដ្ឋបាល(ពន្ធបន្ថែម និងការប្រាក់) ក្នុងករណីអចលនទ្រព្យ ឬចំណែកណាមួយនៃអចលនទ្រព្យ ដែលជាប្រភេទដីកសិកម្មកំពុងមានសកម្មភាព និងសំណង់ដែលបម្រើផ្ទាល់និងជាអចិន្រ្តៃយ៍ដល់សកម្មភាពកសិកម្ម។ ប៉ុន្តែនឹងមិនត្រូវបានលើកលែងពន្ធដល់ចំណែកណាមួយដែលមិនបានបម្រើដល់សកម្មភាពកសិកម្មឡើយ

- លើកលែងពន្ធចំពោះប្រភេទអចលនទ្រព្យណា ដែលមានឯកសារកាន់កាប់ជាប្រភេទលំនៅឋាន ប៉ុន្តែស្ថានភាពជាក់ស្ដែងត្រូវបានម្ចាស់ប្រើសម្រាប់ធ្វើកសិកម្ម និងកំពុងបង្កបង្កើនផល ហើយតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន

- លើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះអចលនទ្រព្យ (មាន ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធកន្លងមក បន្តអនុញ្ញាតឱ្យចុះបញ្ជី និងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ ដោយមានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥

- លើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះអចលនទ្រព្យដែលបានចុះបញ្ជីនិងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ (ប៉ុន្តែមិនបានលើកលែងចំពោះករណីខុសលើមូលដ្ឋានគិតពន្ធលើអចលនទ្រព្យនោះទេ) រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។

 

9 en-kh.jpg

⁕ និយមន័យ

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

⁕ អ្នកជាប់កាតព្វកិច្ចពន្ធ

អ្នកជាប់ពន្ធ គឺជារូបវន្ត ឬនីតិបុគ្គលដែលកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលចុងក្រោយ។ មានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

⁕ អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

អត្រាពន្ធនេះត្រូវកំណត់តាមអត្រា ២ ភាគរយ នៃមូលដ្ឋានគិតពន្ធ។

មូលដ្ឋានគិតពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

+ ការគណនាប្រាក់ពន្ធ

ការគណនាប្រាក់ពន្ធត្រូវបង់សម្រាប់ការិយបរិច្ឆេទចាប់ពីឆ្នាំ២០២៥

⇒ ប្រាក់ពន្ធត្រូវបង់ = (ផ្ទៃដីសរុប- ៥ ហិកតា) * តម្លៃដីក្នុងមួយម៉ែត្រការ៉េ * ២%

⁕⁕ ការលើកលែងពន្ធចាប់ពីឆ្នាំ ២០២៥ តទៅ

យោងទៅតាមសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងចេញលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌ លើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅដូចខាងក្រោម៖

១- ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។ 

២- ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ ហិកតា ក្នុងដីមួយកន្លែង។ 

៣- ចំពោះដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

- ដីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 

- ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ

- ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល

- ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល 

- ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍

- ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាព សេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ

- ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម

- ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំសិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិន ត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន។

 

11 en-kh.jpg

⁕ និយមន័យ

ពន្ធលើចំណេញមូលធនគឺជាពន្ធលើប្រាក់ចំណូលដែលជាប់ពន្ធ ដែលបានពីការលក់ឬផ្ទេរមូលធននៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានិងបរទេសចំពោះរូបវន្តបុគ្គលនិវាសនជន និងចំពោះមូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលអនិវាសនជន។

⁕ អ្នកជាប់កាតព្វកិច្ច 

ជាអ្នកជាប់ពន្ធនិវាសនជន ឬអ្នកជាប់ពន្ធអនិវាសនជនដែលបានលក់ឬ ផ្ទេរមូលធនទៅបុគ្គលដ៏ទៃ និងអ្នកជាប់ពន្ធអនិវាសនជន។ 

⁕ អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

✧ អត្រាពន្ធត្រូវកំណត់តាមអត្រាថេរ ២០ ភាគរយ។

✧ មូលដ្ឋានគិតពន្ធ គឺជាចំណេញមូលធន ដែលជាប្រាក់ចំណូលជាប់ពន្ធបានមកពីការយកចំណូលពីការលក់ ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត ឬថ្លៃដើមនៃទ្រព្យ។

+ ការគណនាប្រាក់ពន្ធ

ពន្ធលើចំណេញមូលធន (អចលនទ្រព្យ) បែងចែកជាពីរប្រភេទ ៖

** ថ្លៃដើមដែលមិនបានរក្សាទុកចំណាយកាត់កង

ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរអចលនទ្រព្យ - (ថ្លៃលក់ឬផ្ទេរអចលនទ្រព្យ * ៨០%)

** ថ្លៃដើមដែលបានរក្សាទុកចំណាយកាត់កង

 ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរអចលនទ្រព្យ - (ថ្លៃដើមនៃអចលនទ្រព្យ + ចំណាយពាក់ព័ន្ធសរុប)

⇒ ប្រាក់ពន្ធត្រូវបង់ = ចំណេញមូលធន * ២០%

 

⁕ ការលើកលែងពន្ធទូទៅ

✧ ទ្រព្យដែលជាកម្មសិទ្ធរបស់ស្ថាប័នរដ្ឋ

✧ ទ្រព្យជាកម្មសិទ្ធរបស់បេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារបច្ចេកទេសនៃរដ្ឋាភិបាលនានា

✧ និវាសនដ្ឋានគោលដើមរបស់អ្នកជាប់ពន្ធដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច ៥ឆ្នាំ មុនពេលលក់ឬផ្ទេរ។

✧ អចលនទ្រព្យក្នុងរង្វង់ញាតិដូចមានចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រាវៀរលែងតែ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត រវាងឳពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ

⁕⁕ ការលើកលែងពន្ធក្នុងឆ្នាំ២០២៥

យោងទៅតាមសេចក្ដីប្រកាសខាងលើបានបង្ហាញថា ក្រសួងបានបន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនលើរូបវន្តបុគ្គលចំពោះអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥។ 


12 en-kh.jpg

⁕ និយមន័យ

ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ត្រូវបានកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួលអចលនទ្រព្យគ្រប់ប្រភេទដូចជា អគារ ផ្ទះ ដី ផ្ទះបណ្ដែតទឹក។ល។

⁕ អ្នកជាប់កាតព្វកិច្ច 

ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ (ម្ចាស់អចលនទ្រព្យ)។ ម្ចាស់កម្មសិទ្ធិត្រូវប្រកាសក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល។ 

ចំណាំ៖ បើករណីអ្នកជួលជានីតិបុគ្គល (សហគ្រាស) បានចុះបញ្ជីពន្ធដារក្នុងរបបស្វ័យប្រកាស ប្រាក់ឈ្នួលនេះត្រូវបានបង្វែរមកគិតពន្ធនិងបង់តាមវិធានពន្ធកាត់ទុកទូទៅវិញក្នុងអត្រា ១០% សម្រាប់និវាសនជន និង ១៤% សម្រាប់អនិវាសនជន។ 

⁕ អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

✧ ពន្ធលើឈ្នួលផ្ទះ និងដី ត្រូវបានអនុវត្តតាមអត្រា ១០ ភាគរយ សម្រាប់ម្ចាស់ជាជនជាតិខ្មែរ និង ១៤% សម្រាប់ម្ចាស់ជាជនបរទេស

✧ មូលដ្ឋានគិតពន្ធនេះ ផ្អែកលើថ្លៃជួលដុលសរុបប្រចាំខែ (សំដៅលើតម្លៃដែលបានកំណត់ក្នុងកិច្ចសន្យា ឬ តម្លៃដែលបានឯកភាពគ្នារវាងអ្នកជួល និងម្ចាស់កម្មសិទ្ធ)

✧ ប្រាក់កក់ធានាមិនត្រូវបានរាប់បញ្ចូលក្នុងថ្លៃជួលដុលនេះទេ។

+ ការគណនាប្រាក់ពន្ធ

⇒ ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ * ១០% ឬ ១៤%

⁕ ការលើកលែងពន្ធទូទៅ

✧ ចំពោះកម្មសិទ្ធករ ឬសិទ្ធវន្តរបស់កម្មសិទ្ធករ ដែលបានប្រកាសចំណូលប្រាក់ឈ្នួលគិតបញ្ចូលជាប់ពន្ធលើប្រាក់ចំណូលតាមរបបស្វ័យប្រកាស

✧ ប្រាក់ដែលអ្នកជួលបានតម្កល់ទុកធ្វើជាប្រាក់ធានា ហើយនៅពេលចប់កិច្ចសន្យា កម្មសិទ្ធិករត្រូវប្រគល់គ្រប់ចំនួនឱ្យអ្នកជួលវិញ

✧ ប្រាក់ឈ្នួលប្រចាំខែក្រោម ៥០០ ០០០៛

✧ អ្នកជាប់ពន្ធតាមរបបពិត  (ស្វ័យប្រកាស)។

 

ទាំងនេះគ្រាន់ជាចំណុចត្រួសៗ ដែល Compass បានលើកឡើងដើម្បីជាភាពងាយស្រួលដល់អ្នកអាន ដែលមានបំណងចង់វិនិយោគ ទិញឬលក់អចលនទ្រព្យរបស់ខ្លួន ដើម្បីកុំឱ្យខុសគោលការណ៍ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ។ សម្រាប់ព័ត៌មានលម្អិតជាក់ច្បាស់ សូមចូលទៅកាន់គេហទំព័រអគ្គនាយកដ្ឋានពន្ធដារ  https://www.tax.gov.kh/km ឬទាក់ទងទៅកាន់មន្រ្តីជំនាញ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)