ភ្នំពេញ ដែលជារាជធានីដ៏អ៊ូអរនៃប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ទីក្រុងនេះកំពុងវិវត្តជាបន្តបន្ទាប់ ជាមួយនឹងការជម្រុញសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការបង្កើននគរូបនីយកម្ម និងសក្តានុពលកំណើនសេដ្ឋកិច្ច។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ បានបើកឱកាសជាច្រើនសម្រាប់ការវិនិយោគ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ។
ថ្ងៃនេះយើងនឹងមកធ្វើការណែនាំតំបន់ខ្លះៗ កំពុងលេចធ្លោ ដែលស័ក្តិសមសំរាប់វិនិយោគក្នុងរាជធានីភ្នំពេញ ដើម្បីជួយអោយអ្នកដែលមានបំណងចង់ទិញអចលនទ្រព្យ ងាយស្រួលក្នុងការសម្រេចចិត្ត និងជ្រើសរើសទីតាំងឱ្យបានលឿន។
១. ជ្រោយចង្វារ
ខណ្ឌជ្រោយចង្វារ ស្ថិតនៅភាគឦសាននៃរាជធានីភ្នំពេញ ដែលមានទីតាំងភូមិសាស្ត្រយ៉ាងអំណោយផល អមដោយទន្លេពីរគឺទន្លេសាប និងទន្លេមេគង្គ។ ប៉ុន្មានឆ្នាំនេះ បានប្រែខ្លួនយ៉ាងរហ័ស ក្លាយជាតំបន់មួយដែលមានសក្តានុពលយ៉ាងខ្លាំងទាំងវិស័យអចលនទ្រព្យ និងការរស់នៅបែបស៊ីវិល័យ។
បច្ចុប្បន្ននេះ មានគម្រោងបុរី ផ្ទះអាជីវកម្ម ផ្សារទំនើប អគារអាផាតមេន និងខុនដូបានលេចរូបរាងឡើងព្រោងព្រាតនៅគ្រប់ទីកន្លែងនៅក្នុងទឹកដីខណ្ឌនេះ។ ជាក់ស្តែង អ្នកអភិវឌ្ឍលំនៅឋានខុនដូល្បីៗ ដូចជា Morgan EnMaison, Wealth Mansion, La Vista One, The Peninsula, Mekong View បាននាំគ្នាបោះទុនសាងសង់គម្រោងរបស់ខ្លួននៅតំបន់នេះ។
រីឯនៅតាមបណ្តោយផ្លូវជាតិលេខ៦អា មានគម្រោងបុរីធំៗជាច្រើនប្រមូលផ្តុំគ្នាដូចជា៖ បុរីជីបម៉ុងផាកលែន 6A បុរី ឌឺ ផ្លរ៉ា Orkide The Botanic City បុរីប៉េងហួត បុរី ណាឌី បុរី Blue Diamond បុរី វិមានភ្នំពេញ បុរី មេគង្គលែន ជាដើម។
អ្វីពិសេសជាងនេះគឺ ខណ្ឌនេះមានទីក្រុងរណបចំនួនពីរគឺ “ទីក្រុងរណបជ្រោយចង្វារ” វិនិយោគដោយក្រុមហ៊ុនOCIC ជាមួយអគារពាណិជ្ជកម្មខ្ពស់ៗ លំនៅដ្ឋានបែបអភិជន ភោជនីយកដ្ឋាន ផ្សារលក់រាយ មជ្ឈមណ្ឌលកំសាន្ត សាលសន្និសីទជាដើម និង “ទីក្រុងរណប លីយ៉ុងផាត់” វិនិយោគដោយក្រុមហ៊ុន លីយ៉ុងផាត់គ្រុប ដែលមានវិមានប្រវត្តិសាស្រ្តឈ្នះ-ឈ្នះ ពហុកីឡដ្ឋានមរតកតេជោ សួនទឹកកំសាន្តGarden City និងសួនសត្វភ្នំពេញសាហ្វារីវើល ជាដើម។
បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធស្ពានធំៗដូចជា៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានខ្សែកាបឫស្សីកែវ ស្ពានព្រែកព្នៅ និងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនិងសាងសង់ជាដើម សម្រួលដល់ការធ្វើដំណើរទៅតំបន់ផ្សេងៗគ្រប់ទិសទី។ លើសពីនេះ ក៏មានផ្សារទំនើបដូចជា ផ្សារម៉ាក្រូ៣ ផ្សារទំនើបបាយ័ន AEON MaxValu ឡាក់គី ម៉ាត7-11 និងផ្សារទំនើបដ៏ធំរបស់ថៃBig C (គ្រោងសាងសង់) ក្នុងតំបន់នេះផងដែរ ដែលជម្រុញឱ្យការរស់នៅកាន់តែមានភាពងាយស្រួល និងអ៊ូអរថែមទៀត។
២. មហាវិថីហ៊ុនសែន
តំបន់មួយទៀតដែលមានភាពទាក់ទាញ និងសក្តានុពលច្រើនសម្រាប់វិស័យអចលនទ្រព្យ គឺមហាវិថី សម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។
ប៉ុន្មានឆ្នាំនេះ តំបន់មហាវិថីហ៊ុនសែន បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងបំផុតនិងក្លាយជាទិសដៅវិនិយោគថ្មីនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ក្នុងនោះមានគម្រោងING City ដែលជាទីក្រុងរណបធំជាងគេនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ បន្ទាប់ពីនោះមក ផ្សារទំនើបអ៉ីអនម៉ល មានជ័យ ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល បានបើកដំណើរជាបន្តបន្ទាប់គ្នា។ ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងស្ពានអាកាសមរតកតេជោ នឹងជម្រុញឱ្យក្នុងការធ្វើដំណើរទៅមកតំបន់នេះមានភាពងាយស្រួលបានមួយកម្រិតទៀត។
លើសពីនេះទៅទៀត មហាវិថីហ៊ុនសែន ក៏ជាផ្លូវដ៏សំខាន់ដែលតភ្ជាប់ទៅកាន់ អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលកំពុងសាងសង់ផងដែរ។ គម្រោងបុរីល្បីៗ ដូចជា បុរីជីបម៉ុង បុរីពិភពថ្មី និងបុរីប៉េងហួត និងគម្រោងខុនដូធំៗដូចជាUrban Village R&F City ក៏សុទ្ធតែមានវត្តមាននៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែនទាំងអស់។
ទាំងអស់នេះហើយ ដែលជាកត្តាធ្វើឱ្យទីផ្សារអចលនទ្រព្យនៅតំបន់មហាវិថីហ៊ុនសែន មានសក្តានុពលនឹងកើនឡើងខ្ពស់ខ្លាំងនាថ្ងៃអនាគ។ ពេលនេះជាឱកាសល្អ សម្រាប់ការទិញអចលនទ្រព្យនៅតំបន់នេះ មិនថាទុកសម្រាប់រស់នៅ រឺក៏វិនិយោគនោះទេ។
៣. ទួលគោក
ខណ្ឌទួលគោក ត្រូវបានគេស្គាល់ថាជាតំបន់ពេញនិយមបំផុតមួយសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។ ព្រោះវាស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដ៏មមាញឹក ហើយសម្បូរដោយគម្រោងអភិវឌ្ឍន៍ជាច្រើន និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដូចជាអគារពាណិជ្ជកម្មខ្ពស់ៗ សាលាអន្តរជាតិ អគារលំនៅឋាន ផ្សារទំនើប និងសកម្មភាពអាជីវកម្មជាច្រើនផងដែរ។
ដោយសារតែវាជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ទើបបណ្តាលឱ្យអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនឡើងផ្តោតលើខណ្ឌនេះ។
ខណ្ឌនេះសម្បូរទៅដោយអគារលំនៅឋានល្បីៗជាច្រើនដូចជា ខុនដូ Time Square ទួលគោកលែន ខុនដូធីខេស្តារ ខុនដូ Royal Platinum និង មជ្ឈមណ្ឌលពាណិជ្ជកម្មដូចជាTK Avenue Fun Mall SAMAI square ជាដើម ដែលអគារទាំងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ទី ១ និងសង្កាត់បឹងកក់ទី២។
លើសពីនេះ តំបន់នេះក៏នៅជាប់ជាមួយតំបន់ពាណិជ្ជកម្មPPCC(បឹងកក់) ដែលមានផ្សារទំនើប Eden Garden Khalandale Mallជាដើម ធ្វើឱ្យការរស់នៅប្រចាំកាន់តែមានភាពងាយស្រួល។
យ៉ាងណាមិញ អចលនទ្រព្យនៅខណ្ឌទួលគោកមានតម្លៃធូរថ្លៃជាង បើធៀបជាមួយខណ្ឌកំពូលៗផ្សេងទៀត ដែលធ្វើឱ្យវាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន។ ការកើនឡើងជាបន្តបន្ទាប់នៃប្រជាជានក្នុងខណ្ឌទួលគោក បាននាំឱ្យមានការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងបង្កើនសក្តានុពលវិនិយោគក្នុងតំបន់នេះកាន់តែខ្លាំង ដូចនេះខណ្ឌទួលគោកគឺជាតំបន់មួយដ៏ល្អសម្រាប់វិនិយោគ និងការរស់នៅ។
៤. បឹងកេងកង
តំបន់បឹងកេងកងទី១ ត្រូវបានគេស្គាល់ផងដែរថាជាតំបន់CBD បណ្តុំដោយអគារពាណិជ្ជកម្ម ការរិយាល័យ ស្ថានទូតបរទេស លំនៅឋានខុនដូ និងអាផាតមេនខ្ពស់ៗជាដើម ហើយចំណុចដ៏សំខាន់មួយ គឺសម្បូរដោយជនបរទេសរស់នៅច្រើន ដែលលោកអ្នកគួរគិតពិចារណាវិនិយោគ ដើម្បីផលចំណេញនាពេលអនាគត ពិសេសខុនដូដែលជាជម្រើសដ៏ល្អក្នុងវិស័យអចលនទ្រព្យ ក្នុងការរស់នៅបែបសម័យថ្មី និងមានផាសុខភាព។
ដោយសារតែទីតាំងនៅកណ្តាលក្រុង និងបរិក្ខារដ៏សម្បូរបែប ងាយស្រួលធ្វើដំណើរទៅកាន់តំបន់កោះពេជ្រ ក៏ដូចជាផ្សារទំនើបអ៉ីអនម៉លភ្នំពេញ និងកន្លែងសំខាន់ៗផ្សេងៗទៀត បានធ្វើអោយបឹងកេងកងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការវិនិយោគអចលនទ្រព្យ។
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា គម្រោងខុនដូធំៗ ភាគច្រើនប្រមូលផ្ដុំនៅសង្កាត់បឹងកេងកង១ ដូចជាLe Condé BKK1, Time Square, The Flora Suites Picasso City Garden ជាដើម។ តម្លៃអចលនទ្រព្យ ជាពិសេសតម្លៃដីនៅតំបន់បឹងកេងកង១ គឺកើនឡើងខ្ពស់ខ្លាំង ក្នុងចំណាមខណ្ឌផ្សេងៗ ហើយនឹងធ្វើឱ្យការអភិវឌ្ឍគម្រោងធំៗមានកាន់តែតិច ដូចនេះវាជាជម្រើសដ៏ល្អ បើអាចទិញអចលនទ្រព្យក្នុងតំបន់នេះក្នុងពេលនេះ នឹងទទួលបានផលចំណេញពីការវិនិយោគខ្ពស់ទៅថ្ងៃអនាគត។
៥. កោះពេជ្រ
កោះពេជ្រ ដែលពីមុនមកធ្លាប់តែជាតំបន់វាលភក់។ ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនOCIC បានប្រែក្លាយជាទីក្រុងរណបដ៏លេចធ្លោមួយ និងតំបន់លំនៅដ្ឋាននិងពាណិជ្ជកម្មមាត់ទន្លេដ៏អ៊ូអរក្នុងរាជធានីភ្នំពេញ។
សព្វថ្ងៃនេះ កោះពេជ្រសម្បូរទៅដោយអគារលំនៅឋានប្រណីតៗ មជ្ឈមណ្ឌលពាណិជ្ជកម្មធំតូច មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ សាលាអន្តរជាតិដូចជាសាលាCIS សាលាEFI សួនឧទ្យាននិងកន្លែងកម្សាន្តផ្សេងៗដូចជា សួន Coconut Park សួនTrillion Park និងDIB Club ដែលមនុស្សអាចនាំគ្នាទៅញុំាកាហ្វេ ដើរលេងដើម្បីរីករាយ និងសម្រាកធូរស្បើយក្នុងអារម្មណ៍។ លើសពីនេះ ក៏មានអគារមជ្ឈមណ្ឌលបៃតង Connexion ទើបបើកដំណើរការ ផ្គួបផ្សំជាមួយទីតាំងនៅជិតផ្សារទំនើបអ៉ីអនទី១ អាចផ្ដល់ការងាយស្រួលជាច្រើនដល់ការរស់នៅក្នុងតំបន់។
សម្រាប់គម្រោងល្បីៗនៅលើកោះពេជ្រមានដូចជា ខុនដូ Diamond Bay Garden, The Elysée, Elite Town, Morgan Towers, Wonder Mesong ដែលផ្តល់នូវបរិយាកាសរស់នៅបែបលំដាប់ខ្ពស់ ជាមួយនឹងបរិក្ខារទំនើបៗ។
៦. កោះនរា
គម្រោងអភិវឌ្ឍន៍កោះនរា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់សិទ្ធទៅឱ្យក្រុមហ៊ុនOCIC ឱ្យទៅជាទីក្រុងរណបវ័យឆ្លាតថ្មីមួយទៀតលើផ្ទៃដីប្រមាណ ១២៥ ហិកតា មិនចាញ់តំបន់កោះពេជ្រនោះទេ ពោលនឹងបង្កើតទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្មទៅតាមអ្វីដែលបានគ្រោងទុក។
បច្ចុប្បន្ន តំបន់នេះកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគប្រទេសសិង្ហបុរី AKRAM Development ទិញដីជាង ៣,៥ ហិកតា ដើម្បីអភិវឌ្ឍនូវគម្រោងបែបប្រណីតលំដាប់កំពូលរបស់ខ្លួនដែលមានឈ្មោះថា Norea Cove Residences។
លើសពីនេះ តំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់ ៥៥៥ ម៉ែត្រ។ ក្រុមហ៊ុនក៏បានសាងសង់សួនឧទ្យាន «កោះនរាផាកវ៉េ » ដែលមានប្រវែង ៤ ២០០ម៉ែត្រ ស្របតាមទន្លេមេគង្គក្រោម ដែលជាសួនច្បារដ៏ស្រស់ស្អាត និងវែងជាងគេក្នុងស្រុកនាពេលបច្ចុប្បន្ន សម្រាប់ប្រជាពលរដ្ឋមកកម្សាន្តជារៀងរាល់ថ្ងៃ។
ជាងនេះទៅទៀត ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគឺ ស្ពានបេតុងខ្សែកាបភ្ជាប់ទីក្រុងរណបកោះពេជ្រទៅទីក្រុងរណបកោះនរា និងស្ពាននាគភ្លោះភ្ជាប់ផ្លូវជាតិលេខ១ ទៅក្រុងរណបកោះនរា នឹងធ្វើឱ្យតំបន់កោះនរាកាន់តែមានភាពរស់រវើក និងងាយស្រួយធ្វើដំណើរតភ្ផាប់ទៅកាន់តំបន់ផ្សេងៗ ហើយទីផ្សារអចលនទ្រព្យនៅទីនោះក៏អាចនឹងមានកំណើនខ្ពស់នៅពេលអនាគតខាងមុខនេះ។
៧.សែនសុខ
ខណ្ឌសែនសុខ ក៏ជាតំបន់សក្តានុពលកំពុងពេញនិយមផងដែរ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យ ដោយសារហេដ្ឋារចនាសម្ព័ន្ធនៅទីនោះមានភាពល្អប្រសើរច្រើន ក៏ដូចជាការអភិវឌ្ឍលើផ្សារទំនើបធំៗជាច្រើន ដូចជាផ្សារទំនើបអ៉ីអនម៉លសែនសុខ ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបគ្លូបលហៅស៍ ផ្សារទំនើបជីបម៉ុង និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយចំនួនផងដែរ។
ម្យ៉ាងវិញទៀត អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យជាច្រើនកំពុងចាប់អារម្មណ៍នៅក្នុងខណ្ឌសែនសុខនេះ ពីព្រោះតម្លៃដីធ្លីនៅមានតម្លៃសមរម្យនៅឡើយ ពួកគាត់វិនិយោគចាប់ពីពេលនេះ នឹងធ្វើឱ្យតម្លៃកាន់តែខ្ពស់មួយកម្រិតទៀតនៅពេលអនាគត។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យមួយបានបង្ហាញអោយដឹងថា គិតត្រឹមឆ្នាំ២០២០ រាជធានីភ្នំពេញមានការផ្គត់ផ្គង់លំនៅឋានសរុបជិត ៦៤ ០០០ យូនីត។ គម្រោងលំនៅឋានច្រើនជាងគេ គឺស្ថិតក្នុងខណ្ឌសែនសុខ ដែលមានចំណែកទីផ្សារ ២៣ ភាគរយ ឫ ១៤ ៦៩០ យូនីត។
ជាក់ស្ដែងគម្រោងល្បីៗដូចជា បុរី ព្រីនស៍ វ័ន ត្រូពិកា បុរីអារ៉ាតា ហ្កាដិន រ៉េស៊ីឌិនស៏ The Eco Residence បុរីប៉េងហ៊ួត បុរីជីបម៉ុង សែនសុខ សុទ្ធតែមានទីតាំងប្រមូលផ្ដុំគ្នានៅតំបន់ខណ្ឌសែនសុខ។ ចំណែកគម្រោងខុនដូមានដូចជា គម្រោងអ័រគីដេខុនដូ គម្រោងរំដួលស៊ីធី គម្រោង Star City គម្រោងPhnom Penh Galaxy Garden គម្រោង The Garden Residency 2 និង គម្រោង North Park Condominium ជាដើម។
ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញផ្តល់នូវឱកាសវិនិយោគជាច្រើន ទៅតាមតំបន់នីមួយៗ ដែលមានលក្ខណៈពិសេស និងសក្ដានុពលផ្សេងៗគ្នា។ ឧទាហរណ៍ដូចជា បឹងកេងកង១ និងកោះពេជ្រ ជាតំបន់ដ៏ល្អសម្រាប់អ្នកវិនិយោគដែលស្វែងរកអចលនទ្រព្យលំដាប់ខ្ពស់ ជាពិសេសគម្រោងខុនដូ ជាមួយរបៀបរស់នៅទីក្រុងដ៏រស់រវើក។ តំបន់ខណ្ឌទួលគោក និង សែនសុខ ផ្តល់ឱកាសសម្រាប់អ្នកដែលចាប់អារម្មណ៍លើជម្រើសដែលមានតម្លៃសមរម្យជាមួយនឹងសក្ដានុពលនៃកំណើនខ្លាំង។ តំបន់មហាវិថីសម្ដេចតេជោហ៊ុនសែន និងផ្លូវជាតិលេខ៦អា ក្នុងខណ្ឌជ្រោយចង្វារ គឺជាតំបន់ណែនាំ សម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យជាប់ផ្ទាល់ដី ពោលគឺលក្ខណៈបុរី មិនថាជាការវិនិយោគរឺទិញមកស្នាក់នៅផ្ទាល់ទេ។ចំណែកឯកោះនរាវិញ ជាតំបន់ដ៏ល្អសម្រាប់ការវិនិយោគរយៈពេលវែង។
ផ្អែកតាមការពិចារណាដោយប្រុងប្រយ័ត្ននូវលក្ខណៈពិសេសរបស់តំបន់នីមួយៗ និងការយល់ដឹងពីតម្រូវការនិងនិន្នាការទីផ្សារ ទើបអ្នកវិនិយោគអាចធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ និងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការរីកចម្រើននៃទីផ្សារអចលនទ្រព្យរបស់រាជធានីភ្នំពេញ។
0