យោងតាម របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិ នៃ កម្ពុជា បានអោយដឹងថា សមតុល្យជញ្ជីងទូទាត់កម្ពុជា មានអតិរេក ៤៣២,៥ លានដុល្លារអាមេរិក កើន ៤,៩ដង ធៀបនឹងអតិរេក ៧៣,២ លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដែលជាចម្បងបណ្តាលមកពីការកើនឡើងទ្រព្យអកម្មបរទេសសុទ្ធនៃគណនីហិរញ្ញវត្ថុ ខណៈដែលអតិរេកគណនីចរន្តនិង ដើមទុនបានថយចុះ។
របាយការណ៍ដដែលបានលើកឡើងថា សមតុល្យគណនីចរន្តនិងដើមទុន មានអតិរេក ០,១% នៃផ.ស.ស. ធៀបនឹងអតិរេក ១,៦% នៃផ.ស.ស.នៅឆ្នាំ២០២៣។ ការថយចុះអតិរេកនេះ ជាចម្បងបណ្តាលមកពីការកើនឡើងឱនភាពពាណិជ្ជកម្មទំនិញ និងការថយចុះអតិរេកចំណូលបន្ទាប់បន្សំ ខណៈដែលអតិរេកគណនីសេវាបានកើនឡើង និងឱនភាពចំណូលបឋមបានថយចុះ។
ឱនភាពពាណិជ្ជកម្មទំនិញបានកើនឡើង ៥០,៦% ធៀបនឹងឆ្នាំ២០២៣ (ថយ -៦៦,២%) ដែលជាចម្បងដោយសារការកើនឡើងតម្រូវការក្នុងស្រុក និងការនាំចូលដើម្បីផលិតទំនិញនាំចេញ។
ការនាំចូលកើន ១៧,៧% ធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះ ការនាំចូលយានយន្តកើន ៣៩,១% សម្ភារនិងបរិក្ខារសំណង់កើន ៣,២% វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរកើន ២២,៣% ម្ហូបអាហារនិងភេសជ្ជៈកើន ១៦,៩% និងប្រេងឥន្ធនៈកើន ១០,៦%។
ការនាំចេញកើន ១៣,៥% ក្នុងនោះ ការនាំចេញផលិតផលកាត់ដេរកើន ២៣,៤% (-១៣,២% នៅឆ្នាំ ២០២៣) ផលិតផលកសិកម្មកើន ១៦,៥% (៣២,៩% នៅឆ្នាំ២០២៣) ក្នុងនោះ កៅស៊ូកើន ១២,៨% អង្ករកើន ៥% និង ផលិតផលកសិកម្មផ្សេងៗកើន ១៩% ខណៈដែលផលិតផលផ្សេងៗថយ -១,៤% (កើន១៥,៤% នៅ ឆ្នាំ២០២៣) រួមមាន៖ គ្រឿងអេឡិចត្រូនិកថយ -៤២,២% និងទោចក្រយាន -១២,៨% ខណៈដែល សំបកកង់រថយន្ត កើន ១,៣ដង។
ធនាគារជាតិបានគូសបញ្ជាក់ទៀតថា អតិរេកគណនីសេវាសុទ្ធបានកើនឡើង៣១,៩% ធៀបនឹងឆ្នាំ២០២៣ ដែលជាចម្បងបណ្តាលមកពីការងើបឡើងវិញនៃចំនួនទេសចរអន្តរជាតិ (ចំណូលពីសេវាធ្វើដំណើរកើន ១៧,៩%) ស្របពេលដែលឱនភាពគណនីចំណូលបឋមបានថយចុះ -៥០,៣% (ដោយសារការទូទាត់ទៅក្រៅប្រទេសថយ -២៣,៨% ហើយការទូទាត់ចូលក្នុងប្រទេសកើន ២៧,៩%)។ ទន្ទឹមនេះ អតិរេកគណនីចំណូលបន្ទាប់បន្សំបានថយចុះ -០,២% ដែលក្នុងនោះ ជំនួយរបស់រាជរដ្ឋាភិបាលថយ-៩% ខណៈប្រាក់បង្វែរឯកជនចូលក្នុងប្រទេសកើន ១,៤%។
ធនាគារជាតិបានបន្តថា ទុនបម្រុងអន្តរជាតិបានកើនដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ដែលកើន ១២,៦% ធៀបនឹងឆ្នាំ២០២៣ (២០ ប៊ីលានដុល្លារអាមេរិក) ដែលស្មើនឹង ៧ខែនៃការនាំចូលទំនិញនិងសេវាគ្រាបន្ទាប់ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
សមតុល្យគណនីហិរញ្ញវត្ថុបង្ហាញពីការកើនទ្រព្យអកម្មបរទេសសុទ្ធ ៣៧១,៧ លានដុល្លារអាមេរិក ធៀបនឹងទ្រព្យសកម្មបរទេសសុទ្ធ ៦១៨,៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលគាំទ្រដោយលំហូរចូលវិនិយោគផ្ទាល់បរទេស ខណៈទ្រព្យសកម្មបរទេសសុទ្ធផ្នែកវិនិយោគផ្សេងទៀត និងវិនិយោគលើផលបត្រកើនឡើង។ លំហូរចូលវិនិយោគផ្ទាល់បរទេសមាន ៤,២ ប៊ីលានដុល្លារអាមេរិក កើន ៤,៩% ដោយសារការកើនឡើងការវិនិយោគលើវិស័យមិនមែនហិរញ្ញវត្ថុ១៧,១% ខណៈការវិនិយោគលើវិស័យហិរញ្ញវត្ថុថយ -៣៥,៥%។
ការវិនិយោគលើវិស័យកម្មន្តសាលកើន ៤៦% (ក្នុងនោះ ការវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់កើន ៧៣,៦% ស្បែកជើង ២៧.៥% ផលិតផលធ្វើដំណើរ ៦៣,៨% វេចខ្ចប់ ៦៦.៨% និងផ្សេងៗ ៤៥.៥% ខណៈផលិតកម្មសូឡា ថយ-៣៧,៥%) វិស័យសណ្ឋាគារនិងការកម្សាន្ត ១៩,១% វិស័យកសិកម្ម ១១,៩% វិស័យថាមពល ១.៨% និងវិស័យផ្សេងៗ ៣៣,៩% ខណៈដែលវិស័យអចលនទ្រព្យថយចុះ -២៤.៨% វិស័យសំណង់ -៣២.៤% និងវិស័យអាជីវកម្មរ៉ែ -៦៣.៩%។
ទន្ទឹមនឹងនេះ វិនិយោគផ្សេងទៀត បង្ហាញពីការកើនឡើងទ្រព្យសកម្មបរទេសសុទ្ធ ៣,២ ប៊ីលានដុល្លារអាមេរិក (កើន ៩,៥% បើធៀបនឹងឆ្នាំ២០២៣) បណ្តាលមកពីការកើនឡើងប្រាក់បញ្ញើ និងការវិនិយោគលើផលបត្រនៅក្រៅប្រទេស គួបផ្សំនឹងការកើនឡើងការទូទាត់បំណុលក្រៅប្រទេសនៃវិស័យហិរញ្ញវត្ថុ ស្របពេលដែលការខ្ចីសុទ្ធរបស់រាជរដ្ឋាភិបាលថយ -១០,២%។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)