ក្នុងខែ មករាឆ្នាំនេះ ភ្ញៀវទេសចរចិនមានចំនួន ៦៧៩៩៨នាក់ បានមកទស្សនាប្រទេសកម្ពុជា កើនឡើង ៤៥.៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។នេះបើយោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជា។ កំណើននេះ ត្រូវបានស្ថានទូតចិនប្រចាំនៅកម្ពុជា ចាត់ទុក ជាការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំនេះ ហើយសង្ឃឹមថា តួលេខប៉ុន្មានខែបន្ទាប់ទៀតនឹងកាន់តែល្អប្រសើរ។រាជរដ្ឋាភិបាលកម្ពុជា រំពឹងទទួលបាន«ទេសចរចិន»ជាង១លាននាក់ ឆ្នាំ២០២៥។
លោក ជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ មូលហេតុដែលនាំឱ្យមានកំណើនទេសចរចិនច្រើន ទី១-ផ្តើមពីកត្តាសុខសន្តិភាព, ទី២-ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីកម្ពុជា-ចិន , និង ទី៣-កិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ និងសុខសុវត្ថិភាព។
ទន្ទឹមនឹងនេះ ដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំង២ កម្ពុជា-ចិន ពិសេសជាមួយប្រមុខការទូតចិនប្រចាំកម្ពុជា ក្រសួងរំពឹងថាភ្ញៀវទេសចរចិននឹងមានការកើនឡើងបន្ថែមទៀត ក្នុងរង្វង់ ១,១លាននៅឆ្នាំ២០២៥នេះ។ បន្ថែមពីនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន តាមរយ:ការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍-វប្បធម៌រួមគ្នា ពិសេស ប្រទេសទាំងពីរនឹងរៀបចំយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដើម្បីគាំទ្រនិងជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជា។
គួរបញ្ជាក់ថា កម្ពុជានៅឆ្នាំ២០២៤ កន្លងទៅនេះ គឺទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦, ៧លាននាក់ កើនលើសឆ្នាំ២០២៣ ចំនួន ២២.៩%។ ក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ចំនួនជាង ៨៤ម៉ឺននាក់ កើនឡើង ៥៥% ធៀបនឹងឆ្នាំ២០២៣។ លោក ជំទាវ ហ៊ុន ដានី បានសង្កត់ធ្ងន់ថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានចាត់តាំងថ្នាក់ដឹកនាំរបស់ក្រសួងឱ្យទទួលបន្ទុកសម្របសម្រួលដឹកនាំ និង ជំរុញទីផ្សារទេសចរចិននៅគ្រប់គោលដៅសំខាន់ៗរបស់ចិន សំដៅទាក់ទាញទេសចរចិនឱ្យមកកាន់កម្ពុជាបានកាន់តែច្រើនឡើង៕
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)