ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលគ្រោងនឹងធ្វើឡើងនៅខែកក្កដាខាងមុខនេះ មិនត្រឹមតែពង្រឹងការតភ្ជាប់របស់កម្ពុជាទៅកាន់គោលដៅទេសចរណ៍បន្ថែមទៀតទាំងក្នុងតំបន់ និងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៧,៥ លាននាក់នៅឆ្នាំ ២០២៥ ផងដែរ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបានលើកឡើងថា គ្រឿងបរិក្ខារអាកាសយានដ្ឋានមានសារៈសំខាន់ណាស់ក្នុងការផ្តល់ភាពងាយស្រួលដល់អ្នកដំណើរតាមផ្លូវអាកាស ជាពិសេសភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្តមបានបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងរួមចំណែកដល់ការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជាក្នុងវិស័យទេសចរណ៍។
ឯកឧត្តមបានបន្ថែមទៀតថា “បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិថ្មីនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែកក្កដា យើងរំពឹងថានឹងមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន”។
ការសាងសង់អាកាសយានដ្ឋាននេះមានតម្លៃរហូតដល់ ១,៥ ពាន់លានដុល្លារ ដែលបច្ចុប្បន្នការសាងស់សម្រេចបាន ៩៥ ភាគរយហើយ។
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងការតភ្ជាប់ផ្លូវអាកាសបានជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ និងជាកត្តាមួយក្នុងការទាក់ទាញភ្ញៀវទេសចរ។
លោកស្រីបានបន្តថា “ការធ្វើឱ្យអាកាសយានដ្ឋានកាន់តែប្រសើរឡើង និងការបង្កើនការតភ្ជាប់ជើងហោះហើរផ្លូវអាកាសបានរួមចំណែកជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងភាពងាយស្រួលក្នុងការមកទស្សនាកម្ពុជា” ។
វិស័យអាកាសចរណ៍របស់កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤ ដោយអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ទទួលបានអ្នកដំណើរចំនួន ៦.២ លាននាក់ នេះបើយោងតាមតួលេខពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)