តើលោកអ្នកមានចំណាប់អារម្មណ៍យ៉ាងណាចំពោះប្រទេសកម្ពុជា?
ជាមួយនឹងអគារចាស់ៗ? ផ្លូវថ្នល់ខូចខាត? មានផ្សារដែលគគ្រិច ឬជារាជធានីតូចមួយ?
ឈប់ៗ!
សូមបញ្ឈប់ការវាយតម្លៃប្រទេសមួយនេះត្រឹមតែរូបភាពមួយចំនួនដូចខាងលើ។ ក៏មានអគារធំៗ សណ្ឋាគារប្រណីតៗ និងផ្សារទំនើបលំដាប់ខ្ពស់នៅប្រទេសកម្ពុជា ហើយក៏មានសហគ្រាស និងអ្នកវិនិយោគទុនបរទេសមួយចំនួនធំនៅក្នុងទីក្រុងដែលកំពុងអភិវឌ្ឍធំៗដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
ក្រោមសាវតាពីមេរោគឆ្លងជំងឺកូវីដ១៩ ជម្លោះនៅក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ អ្នកវិនិយោគមួយចំនួនបានចាកចេញពីទីផ្សារកម្ពុជាមុនឆ្នាំ ២០២២ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២២ អ្នកវិនិយោគជាច្រើនបានបន្តចូលមកកម្ពុជាវិញ។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកើនឡើង ៧.៧ ភាគរយ ក្នុងឆ្នាំ ២០២២។ នៅឆមាសទីមួយនៃឆ្នាំ ២០២៣ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១៣ (កើនឡើង ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន)។
ទិន្នន័យទាំងនេះបង្ហាញថា ប្រទេសកម្ពុជាបានស្ដារឡើងវិញសឹងទាំងស្រុងពីវិបត្តិជំងឺឆ្លងកូវីដ១៩។ រដ្ឋាភិបាលរំពឹងថា អត្រាកំណើនសេដ្ឋកិច្ចនឹងឈានដល់ ៥.៦ ភាគរយនៅឆ្នាំនេះ ហើយកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនៅ ៦.៦ ភាគរយនៅឆ្នាំក្រោយ។ ក្នុងចំណោមនោះ ទីផ្សារពាណិជ្ជកម្មរបស់កម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសឧស្សាហកម្មលក់រាយ។
ថ្មីៗនេះ CBRE បានចេញផ្សាយការស្ទង់មតិទីផ្សារសម្រាប់ឆមាសទីមួយ ឆ្នាំ ២០២៣។ ទិន្នន័យបង្ហាញថា អត្រាកាន់កាប់នៃឧស្សាហកម្មលក់រាយរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះបន្តិចប្រហែល ៦៨ ភាគរយ ប៉ុន្តែទីផ្សារហាងលក់រាយតាមដងផ្លូវបានកើនឡើង ៩៥ ភាគរយ ។ ទន្ទឹមនឹងនោះ មានគម្រោងប្រមាណ ៨៣,០០០ ម៉ែត្រការ៉េ (Community Mall, Retail Podium) គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។
ទិន្នន័យនេះបង្ហាញថានៅក្នុងឆមាសទីមួយឆ្នាំនេះនៅពេលដែលទីផ្សារមានភាពស្ងប់ស្ងាត់ ទីផ្សារពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានៅតែពោរពេញដោយភាពរឹងមាំ ហើយតម្រូវការឧស្សាហកម្មលក់រាយនៅតែបន្តរឹងមាំ។
ជាមួយគ្នានេះ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ទីផ្សារពាណិជ្ជកម្មកម្ពុជាក៏ទទួលបានដំណឹងល្អផងដែរ ដូចជាផ្សារទំនើបថ្មី មជ្ឈមណ្ឌលពាណិជ្ជកម្ម និងម៉ាកយីហោល្បីៗបានចូល និងពង្រីកយ៉ាងឆាប់រហ័ស។
▍ការពង្រីកតំបន់ពាណិជ្ជកម្មនៅតំបន់មាត់ទន្លេភ្នំពេញ
រាជធានីភ្នំពេញត្រូវបានបង្កើតឡើងដោយចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។
ដោយជាកន្លែងប្រមូលផ្តុំទៅដោយពាណិជ្ជកម្ម និងអាជីវកម្មនានានៅតំបន់មាត់ទន្លេ ផ្លូវតាមបណ្តោយព្រះបរមរាជវាំងខាងត្បូង “ទន្លេចតុមុខ” បានក្លាយជាតំបន់ដែលមានភាពរីកចម្រើន និងរស់រវើកបំផុតក្នុងរាជធានីភ្នំពេញ ដោយសារឥទ្ធិពលនៃកន្លែងសម្គាល់ + ទេសចរណ៍ + ផ្សាររាត្រី + ក្លឹប និងបារ + កន្លែងប្រារព្ធព្រឹត្តិការណ៍នានា និងកត្តាផ្សេងៗទៀត។
រំកិលទៅភាគខាងត្បូងពីខាងព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ អ្នកនឹងឃើញតំបន់សំខាន់នៃតំបន់ទន្លេចតុមុខ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីនេះ រួមមានទីក្រុងរណបកោះពេជ្រ ផ្សារទំនើបអ៉ីអន១ ណាហ្គាវើល និងផ្លូវ ហ្គោលដិនស្រ្ទីត ឆាយណាថោន ដែលប្រមូលផ្តុំនូវកន្លែងកំពូលៗជាច្រើនក្នុងទីក្រុង។
ផ្លូវនៅតាមបណ្តោយព្រះបរមរាជវាំងគឺនៅជិតតំបន់កោះពេជ្រ ដែលបង្កើនការគ្របដណ្តប់អាជីវកម្មនៅតាមមាត់ទន្លេយ៉ាងច្រើន។ យោងតាមសកម្មភាពថ្មីៗមួយចំនួន អាជីវកម្មតាមដងទន្លេរបស់ទីក្រុងភ្នំពេញ ក៏នឹងឈានទៅដល់ការពង្រីកយ៉ាងខ្លាំងផងដែរ។
● កោះនរា ផាកវ៉េ,ដែលជាផ្នែកមួយនៃទីក្រុងរណបកោះនរា ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) មានប្រវែងសរុប ៤ គីឡូម៉ែត្រ និងគ្របដណ្តប់ហាងលក់រាយជាង ២០ កន្លែងផ្សេងៗគ្នា។
បច្ចុប្បន្ននេះ គម្រោងសាងសង់ហាងលក់រាយ និងទេសភាពនៅកោះនរា ផាកវ៉េ ត្រូវបានបញ្ចប់ ហើយស្ពានឆ្លងទន្លេតភ្ជាប់ទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបកោះនរារំពឹងថានឹងបញ្ចប់នៅក្នុងខែវិច្ឆិកាឆ្នាំនេះ។ ពេលនោះ ទីក្រុងរណបទាំងពីរនឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។
● គម្រោងផ្សារទំនើប EDC Juta, ដែលជាគម្រោងផ្សារទំនើបក្រោមដីដំបូងគេក្នុងរាជធានីភ្នំពេញ និងមានទីតាំងនៅជិតផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន EDC Juta (Cambodia) ហើយមានផ្ទៃដីទំហំ ៣៣,១២០ ម៉ែត្រការ៉េ។
គម្រោងនេះគ្របដណ្តប់ចំណតរថយន្តពហុជាន់ (សមត្ថភាពផ្ទុកយានយន្តចំនួន ៥១៦ គ្រឿង) ផ្សារទំនើបបែបសហសម័យ រមណីយដ្ឋានប្រណីត និងការរៀបលំដាប់នូវសេវាកម្មនានាក្រោមដី។ គម្រោងខាងលើនឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែកក្កដា ឆ្នាំ ២០២៣។
● សុខា ផ្លាហ្សា, មានទីតាំងស្ថិតក្នុងខណ្ឌដូនពេញ ជិតព្រះបរមរាជវាំង និងសារមន្ទីរជាតិ។ គម្រោងនេះត្រូវបានរចនាឡើងដើម្បីឱ្យមានហាងចំនួន ៤៤ ដែលមានផ្ទៃដីសរុបប្រហែល ២,០០០ ម៉ែត្រការ៉េ និងមានចំណតជាង ៣០០ កន្លែងសម្រាប់រថយន្ត និងម៉ូតូ។ គម្រោងមួយនេះត្រូវបានគេរំពឹងថានឹងបើកនៅឆ្នាំ ២០២៣ ។
● តំបន់ដើរទេសចរណ៍នាចុងសប្តាហ៍, យោងតាមសារព័ត៌មានកម្ពុជា កាលពីដើមខែកក្កដា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងពិចារណាបង្កើត "តំបន់ដើរទេសចរណ៍នាចុងសប្តាហ៍" ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - សណ្ឋាគារ កាំបូឌីយ៉ាណា ដែលនឹងអនុញ្ញាតឱ្យមនុស្សធ្វើដំណើរ និងទិញទំនិញតាមដងទន្លេ។
តើលោកអ្នកបានកត់សម្គាល់វាដែរឬទេ? ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - ផ្សាររាត្រីភ្នំពេញ (ផ្សារទំនើប EDC Juta) - ព្រះបរមរាជវាំង - សណ្ឋាគារកាំបូឌីយ៉ាណា - ទីក្រុងកោះពេជ្រ (ផ្សារទំនើប អ៉ីអន ១, ណាហ្គា, ផ្លូវហ្គោលដិនស្រ្ទីត, ឆាយណាថោន) - តំបន់កោះនរា ដែលជាតំបន់ពាណិជ្ជកម្មមាត់ទន្លេថ្មីមួយនឹង នឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗនេះ ហើយអាជីវកម្មលក់រាយនៅតាមតំបន់ទាំងនេះនឹងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង។
▍ហាងលក់រាយដែលមានខ្សែសង្វាក់ដ៏ល្បីនឹងពង្រីកនៅទីផ្សារកម្ពុជា
● 7-Eleven, យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា ចាប់តាំងពីហាង 7-Eleven ដ៏ធំបំផុតរបស់ពិភពលោកបានប្រកាសចូលប្រទេសកម្ពុជាជាផ្លូវការក្នុងខែសីហា ឆ្នាំ ២០២១។ ម៉ាកយីហោល្បីមួយនេះបានបើកសាខាចំនួន ៦០ នៅក្នុងប្រទេសកម្ពុជាត្រឹមខែមិថុនា ឆ្នាំ ២០២៣ ហើយគ្រោងនឹងសម្រេចបាននូវគោលដៅនៃការបើកសាខាចំនួន ១០០ នៅចុងឆ្នាំ ២០២៣។
● ផ្សារទំនើប Big C, នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន OCIC និងផ្សារទំនើបថៃ BIG C បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍផ្សារទំនើបទីមួយរបស់ខ្សែសង្វាក់នៅទីក្រុងរណបជ្រោយចង្វារ។ ផ្សារទំនើប Big C ជាហាងលក់រាយប្រភេទផ្សារទំនើបធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយបានចូលទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០១៩។
ផ្សារទំនើបដំបូងគេនៅកម្ពុជា មានទីតាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដីទំហំ ៨,០០០ ម៉ែត្រការ៉េ។
តាមរយៈការសាងសង់ និងទិញយកដោយខ្លួនឯង ហាង "BIG C MINI" ចំនួន ២០ ត្រូវបានដំណើរការនៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពត។ មានការរាយការណ៍ថា Big C គ្រោងនឹងបើកហាងចំនួន ៣៥០ នៅទូទាំងប្រទេសកម្ពុជានៅឆ្នាំ ២០២៦។
● DRF-Mart, នៅខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរបស់ DRF-MART FA DAO JIA TRADING Co., Ltd. (DRT-Mart) ដើម្បីសាងសង់ផ្សារទំនើបដ៏ធំមួយនៅខេត្តព្រះសីហនុ។
DRF-Mart មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចម្ងាយតែ ២០០ម៉ែត្រ ពីរង្វង់មូលតោមាស ដែលមានទុនវិនិយោគសរុប ១៤លានដុល្លារអាមេរិក។
ជាមួយនឹងការពង្រីកទ្រង់ទ្រាយធំរបស់ហាងលក់រាយល្បីៗជាច្រើន ការប្រកួតប្រជែងនៅក្នុងទីផ្សារអាជីវកម្មលក់រាយរបស់ប្រទេសកម្ពុជានឹងកាន់តែមានភាពខ្លាំងក្លា ហើយក៏នឹងនាំឱ្យទីផ្សាររីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។
▍រាជធានីភ្នំពេញអាចនឹងក្លាយជា “ទីក្រុងទិញទំនិញ”
ក្នុងនាមជារាជធានីនៃប្រទេសកម្ពុជា រាជធានីភ្នំពេញមានទីផ្សារហាងលក់រាយដែលរីកចម្រើនបំផុត។ ក្រៅពីតំបន់ពាណិជ្ជកម្មតាមមាត់ទន្លេដែលបានរៀបរាប់ខាងលើ ក៏មានផ្សារទំនើប ហាងលក់ទំនិញ ផ្សារក្នុងស្រុកជាដើម នៅតំបន់ផ្សេងៗទៀត ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃនៅទីនេះកាន់តែងាយស្រួល។
មានផ្សារទំនើប/ហាងលក់ទំនិញជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប AEON MaxValu Express, ផ្សារទំនើប ឡាក់គី, ផ្សារទំនើប 7-Eleven, ផ្សារទំនើប ជីបម៉ុង, ផ្សារទំនើប ព្រីនស៍, ផ្សារទំនើបSuper Duper, ផ្សារទំនើប BIG C, ម៉ាតCircle K, ផ្សារថៃហួត, គីមម៉ាត។ល។ មកពីប្រទេសជប៉ុន ប្រទទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ប្រទេសចិន និងគ្របដណ្តប់គ្រប់ទំហំទាំងអស់នូវផ្សារទំនើបខ្នាតធំ ផ្សារទំនើប និងហាងលក់ទំនិញគ្រប់មុខ។
បើនិយាយពីផ្សារទំនើបខ្នាតធំ បច្ចុប្បន្នមានផ្សារទំនើបល្បីៗមួយចំនួនក្នុងរាជធានីភ្នំពេញ៖
ផ្សារទំនើប អ៉ីអន ម៉ល
គ្រប់គ្នាគួរតែស្គាល់ផ្សារទំនើបអ៉ីអនឲ្យបានច្រើន មានផ្សារទំនើបអ៊ីអនចំនួន៣នៅភ្នំពេញហើយ។ ផ្សារទំនើប អ៉ីអន ១ (ផ្សារទំនើបដំបូងគេក្នុងរាជធានីភ្នំពេញដែលមានស្តង់ដារលំដាប់ពិភពលោក) បានបើកនៅខណ្ឌចំការមនក្នុងឆ្នាំ ២០១៤ ផ្សារទំនើប អ៉ីអន ២ បានបើកនៅក្នុងខណ្ឌសែនសុខក្នុងឆ្នាំ ២០១៨ ហើយផ្សារទំនើប អ៉ីអន ៣ មានទីតាំងនៅមហាវិថីហ៊ុនសែន ខណ្ឌមានជ័យ និងបានការបើកដំណើរការសាកល្បងនៅចុងឆ្នាំ ២០២២ ។
ផ្សារទំនើប ជីប ម៉ុង
ជាហាងទំនិញមានម៉ាកយីហោក្នុងស្រុករបស់ប្រទេសកម្ពុជា ជីប ម៉ុង មានផ្សារទំនើបជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជាផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល នៅខណ្ឌបឹងកេងកង ផ្សារទំនើប ជីបម៉ុង សែនសុខ ក្នុងខណ្ឌសែនសុខ ផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ២៧១ ក្នុងខណ្ឌមានជ័យ ផ្សារទំនើប ជីប ម៉ុង ៥៩៨ ម៉ល ក្នុងខណ្ឌឬស្សីកែវ និង ផ្សារទំនើប ជីបម៉ុងស៊ិនធើ បាក់ទូក ជាប់នឹងគម្រោងអូឡាំព្យា។
លើសពីនេះ ខ្លួននឹងសាងសង់ផ្សារទំនើប ជីប ម៉ុង ពោធិ៍ចិនតុង នៅជិតព្រលានយន្តហោះ និងផ្សារទំនើប ជីប ម៉ុង ៥០ម៉ែត្រ នៅជាប់គម្រោង Land Park 50M។
ក្នុងចំណោមនោះ ផ្សារទំនើប ជីបម៉ុង សែនសុខ ផ្សារទំនើប ជីបម៉ុង ២៧១ និង ផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល សុទ្ធតែជាផ្សារទំនើបខ្នាតធំ ហើយគម្រោងដែលនៅសេសសល់ដែលបានបើកដំណើរការគឺស្របតាមស្តង់ដារសហគមន៍ពាណិជ្ជកម្ម ដែលផ្តល់ភាពងាយស្រួលដល់សហគមន៍បុរីដែលមានកេរ្តិ៍ឈ្មោះ និងអ្នករស់នៅជុំវិញ។
គួរជម្រាបថា អគារជីបម៉ុង (Chip Mong Tower) ក៏នឹងបង្កើតមណ្ឌលផ្សារទំនើបមានហាងលក់រាយផងដែរ។
ផ្សារទំនើបបោះដុំ ម៉ាក្រូ
ម៉ាក្រូ គឺជាផ្សារទំនើបប្រភេទលក់បោះដុំឃ្លាំងធំជាងគេនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ មានសាខាចំនួនពីរនៅក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងនៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ។
មានប្រភេទផលិតផលផ្សេងៗដែលលក់នៅទីនេះ ដូចជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍ផ្ទះបាយ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ផ្សារម៉ាក្រូជាផ្សារទំនើបលក់បោះដុំមួយដែលមានផលិតផលពេញលេញច្រើនមុខបំផុតក្នុងរាជធានីភ្នំពេញ។
អគារវឌ្ឍនៈ កាពីតាល
អគារវឌ្ឍនៈ កាពីតាល គឺជាទីតាំងដ៏ប្រណIតមួយនៅក្នុងរាជធានីភ្នំពេញ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅជាប់អគារកាណាឌីយ៉ា តាមមហាវិថីព្រះមុនីវង្ស។ ហាងលក់រាយលំដាប់ខ្ពស់របស់ខ្លួនបានទាក់ទាញម៉ាកយីហោអន្តរជាតិល្បីៗជាច្រើនដូចជា Hugo Boss, Jimmy Choo ជាដើម ហើយមានស្កាយបារលំដាប់ខ្ពស់ (Sora Skybar) នៅលើកំពូលអគារផងដែរ។
ផ្សារ អេដេន ហ្គាដិន (Eden Garden)
ផ្សារ អេដេន ហ្គាដិន មានទីតាំងនៅ PPCC ខណ្ឌដូនពេញ។ ជាមជ្ឈមណ្ឌលលក់ទំនិញខាងក្រៅដែលមានសួនច្បារ ហើយក៏ជាតំណាងនៃពាណិជ្ជកម្មដែលបើកចំហនៅក្នុងទីក្រុងភ្នំពេញ ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវអាហារ ការលម្ហែ និងការកម្សាន្ត។
នៅជាប់ផ្សារ អេដេន ហ្គាដិន (Eden Garden) ក៏មានផ្សារ VIEW PARK MALL និង Khalandale Mall។ ការប្រមូលផ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មបើកទូលាយទាំងបីនេះបន្តពង្រីកទំហំពាណិជ្ជកម្មនៃតំបន់ PPCC ។
ក្រៅពីផ្សារទំនើបបែបបុរាណ ទីក្រុងភ្នំពេញមានគំរូអភិវឌ្ឍន៍អាជីវកម្មលក់រាយជាច្រើនប្រភេទ ហើយពាណិជ្ជកម្មបើកចំហកាន់តែមានប្រជាប្រិយភាពនៅក្នុងរាជធានីភ្នំពេញដូចជា ទីក្រុងកោះពេជ្រ ផ្លូវហ្គោលដិនស្រ្ទីត ឆាយណាថោន ផ្សារ Prince Times Square។
លើសពីនេះទៅទៀត សហគមន៍ពាណិជ្ជកម្មនៅក្នុងសហគមន៍បុរីទូទាំងរាជធានីភ្នំពេញក៏មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ ដើម្បីសម្រួលដល់ការរស់នៅ និងការដើរទិញឥវ៉ាន់ប្រចាំថ្ងៃរបស់អ្នករស់នៅជុំវិញ។ ក្រៅពីអាជីវកម្មសហគមន៍ជីបម៉ុងខាងលើក៏មាន K Mall, TL VILLE Mall, និង City Mall, Midtown Community Mall ជាដើម។
វិស័យលក់រាយរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២៣ នឹងបន្តវិវឌ្ឍក្នុងការប្រកួតប្រជែង ដោយសារតែអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទៅតាមអ្នកប្រើប្រាស់ និងទីផ្សារ។
0