ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ចង់ធ្វើដំណើរកម្សាន្តបានទាំងចំណេះដឹង! ទាំងនេះជាកន្លែងប្រវត្តិសាស្ត្រនានានៅរាជធានីភ្នំពេញ

ចង់ធ្វើដំណើរកម្សាន្តបានទាំងចំណេះដឹង! ទាំងនេះជាកន្លែងប្រវត្តិសាស្ត្រនានានៅរាជធានីភ្នំពេញ

2024-01-12
541
0
សង្ខេប:វេលានេះ Compass នឹងនាំអ្នកអានទៅកាន់កន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តចំនួន ១២ កន្លែងនៅក្នុងរាជធានីភ្នំពេញ។

ភ្នំពេញ ជាបេះដូងនិងជារាជធានីនៃប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះក៏ជាច្រកចូលមួយដ៏សំខាន់នូវបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក ជាតំបន់បេតិកភណ្ឌ ជាតំបន់ប្រជុំទៅដោយសាសនាចម្រុះនៅលើពិភពលោក និងមានអំណោយផលពីធម្មជាតិ។ រាជធានីភ្នំពេញក៏ជាផ្ទះ ជាកន្លែងសម្រាប់សិក្សា ជាកន្លែងធ្វើការងារ ឬប្រកបមុខរបរផ្សេងៗរបស់ប្រជាជនជាង ៣ លាននាក់ (យោងទៅតាមការលើកឡើងក្នុងសន្ទរកថារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសម្ពោធ និងដំណើរការផ្សាររាត្រី ភូមិអាហារ ផ្លូវជាតិលេខ ៥ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេតគ្រុប។)

ទោះបីជាប្រទេសកម្ពុជា បានអភិវឌ្ឍរាជធានីរបស់ខ្លួនទៅជាទីក្រុងទំនើបមិនខុសពីប្រទេសផ្សេងៗលើពិភពលោក ក៏រាជធានីភ្នំពេញ នៅតែបានបង្ហាញនូវវប្បធម៌មួយចំនួន ព្រមជាមួយកន្លែងទេសចរណ៍យ៉ាងទាក់ទាញបែបប្រវត្តិសាស្រ្តមួយចំនួន ដែលភ្ញៀវទេសចរ ឬប្រជាជនក្នុងស្រុកអាចសិក្សាអំពីប្រវត្តិសាស្ត្រ និងកម្សាន្តនាពេលចុងសប្ដាហ៍ឬកំឡុងពេលវិស្សមកាល។ 

វេលានេះ Compass នឹងនាំអ្នកអានទៅកាន់កន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តចំនួន ១២ កន្លែងនៅក្នុងរាជធានីភ្នំពេញ។ 


១. ព្រះបរមរាជវាំង

តម្លៃសំបុត្រ៖ ១០០០ រៀល សម្រាប់ភ្ញៀវជាតិមួយនាក់ (មិនគិតថ្លៃចំពោះសិស្ស) និង ១០ ដុល្លារសម្រាប់ភ្ញៀវបរទេសមួយនាក់ 

ពេលវេលាដំណើរការ៖  ចាប់ពីម៉ោង ៨-១១ ព្រឹក និង ម៉ោង ២-៥ ល្ងាច។

ទីតាំង៖ មហាវិថី សម្ដេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ

1.jpeg

ព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះបរមរាជវាំងចតុមុខមង្គល គឺជាព្រះរាជវាំងដែលជាទីប្រថាប់នៃព្រះមហាក្សត្រខ្មែរ តាំងតែរជ្ជកាល ព្រះបាទនរោត្តម រហូតដល់រជ្ជកាលបច្ចុប្បន្នគឺ ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ។ ស្ថិតនៅជាប់ទន្លេប្រសព្វគ្នាបួនមុខ ញ៊ាំងព្រះបរមរាជវាំងចតុម្មុខសិរីមង្គល (Preah Barom Reachaviang Chaktomuk Serei Mongkol) រំលេចខ្លួនត្រដែតស្កឹមស្កៃប្រណីតនៅរាជធានីភ្នំពេញជាមួយអាយុកាល១៥៧ឆ្នាំ គិតត្រឹមឆ្នាំ ២០២៣។ 

យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញថា ព្រះបរមរាជវាំងចុងក្រោយដែលបានរៀបចំឡើងនៅភ្នំពេញ  មានចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម ។ ហើយត្រូវបានរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល។

2.png

សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហារទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់។

ព្រះបរមរាជវាំងបានកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូលចំនួន៥ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។

royal palace (1).jpg

ជាមួយគ្នានេះ ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូលហើយរាល់សំណង់ប្រាសាទនៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអដោយពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា ដោយមានប្រាសាទនានានៅក្នុងព្រះបរមរាជវាំងដូចជា ប្រាសាទទេវាវិនិច្ឆ័យ ប្រាសាទខេមរិន្ទ ប្រាសាទសហមេត្រី ប្រាសាទហោសំរាន្តភិរម្យ ប្រាសាទច័ន្ទឆាយា ព្រះទីនាំងភោជនីយ វិមានស្តេចណាប៉ូឡេអុងទី៣ ក្រៅពីប្រាសាទខាងលើ ក៏មានជាព្រះវិហារព្រះកែវមរកត និង សារមន្ទីររោងដំរីដែលជាទីកន្លែងទុកនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី និងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ 

royal palace2 (1).jpg


២. វត្ត ព្រះកែវមរកត

ទីតាំង៖ ស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំង

ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨៩២ដល់ឆ្នាំ១៩០២ តាមលំនាំស្ថាបត្យកម្មខ្មែរ ហើយត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៦២។ វត្តនេះពីដើមមានឈ្មោះហៅថា វត្តឧបោសថរតនារាម ដោយមកពីព្រះមហាក្សត្រទ្រង់យកទីកន្លែងនេះកាន់ឧបោសថសីលជារៀងរាល់ថ្ងៃ។ កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុ ទេដែលគង់នៅទីនោះ ព្រោះព្រះអង្គបានសាងព្រះផ្នួសអស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។ ក្រៅពីនេះក៏មានព្រះវត្តមានព្រះរាជ វង្សានិវង្ស និង នាម៉ឺនសព្វមុខមន្ត្រីក៏បានប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទំលាប់ព្រះពុទ្ធសាសនានៅទីនេះដែរ។

ព្រះវិហារព្រះកែវមរកត-61e9.jpeg

នៅក្នុងព្រះវិហារព្រះកែវមរកត មានដំកល់ព្រះពុទ្ឋបដិមា១អង្គធ្វើអំពីត្បូងកែវដ៏មានតំលៃ ដែលមានព៌ណដូចមរកត។ ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ធ ។ 


៣.  សារមន្ទីរជាតិ

តម្លៃសំបុត្រ៖ ៥០០ រៀល សម្រាប់ភ្ញៀវជាតិមួយនាក់ (មិនគិតថ្លៃចំពោះសិស្ស) ភ្ញៀវបរទេសអាយុពី ១០-១៧ ឆ្នាំ មានតម្លៃ ៥ ដុល្លារ និង សម្រាប់ភ្ញៀវបរទេសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងមានតម្លៃ ១០ ដុល្លារ ។

ពេលវេលាដំណើរការ៖  ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច។

ទីតាំង៖ ផ្លូវព្រះអង្គអេង (ផ្លូវលេខ ១៣) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ 

National Museum of Cambodia.jpg

សារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករជនជាតិបារាំងឈ្មោះ ហ្ស៊ក ហ្គ្រូសលីយេ (George Groslier) មានបណ្ដោយ ៥៤ម៉ែត្រ និងជម្រៅ ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់ ២ម៉ែត្រកន្លះ។

National Museum of Cambodia (2).jpg

ពិធីសម្ពោធបានប្រព្រឹត្តិទៅ ថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និងចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយ សារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។

news/2024-01-12/1705031071698310.jpg

cambodia-national-museum-5.jpg

សារមន្ទីរជាតិនៅទីក្រុងភ្នំពេញសិ្ថតក្នុងមណ្ឌលតែមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាប់នឹងផ្នែកខាងជើងនៃព្រះបរមរាជវាំង  គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាក និងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀត៕


៤. វត្តភ្នំ

តម្លៃសំបុត្រ៖ មិនគិតថ្លៃសម្រាប់ភ្ញៀវជាតិ និង ១ ដុល្លារសម្រាប់ភ្ញៀវបរទេសមួយនាក់

ពេលវេលាដំណើរការ៖  ចាប់ពីម៉ោង ៧ ព្រឹក ដល់ ម៉ោង ៦ ល្ងាច។

ទីតាំង៖ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

wat phnom.jpg

វត្តភ្នំដូនពេញ ឬហៅកាត់ថា វត្តភ្នំ មានទីតាំងស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ជាវប្បធម៌ប្រវតិ្តសាស្រ្តនៃប្រទេសកម្ពុជា សូម្បីផ្លូវជាតិសំខាន់ៗដែលបែកចេញទៅតាមបណ្តាខេត្តក៏យកទីតាំងវត្តភ្នំជាគោលដែរ លើសពីនេះវត្តភ្នំក៏ជាទីកន្លែងសក្ការបូជាដ៏ល្បីល្បាញ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ។ លោកអ្នកក៏នឹងឃើញវត្តមាន នាឡិកា យ៉ាងធំសម្បើមនៅកណ្ដាលសួនវត្តភ្នំ។ 

Wat Phnom 2.jpg

វត្តភ្នំដូនពេញ  គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំមានកំពស់ ២៧ ម៉ែត្រដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៣៧៣ និងជាសំណង់សាសនាដែលមានកំពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។  នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតិយធំមួយនៅក្រោយព្រះវិហារ ដែលតម្កល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និង ចេតិយសម្រាប់តម្កល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតិយនោះ នៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ។ ចេតិយ និង ព្រះវិហារ នៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែលពីមួយពេលទៅមួយពេលកាន់តែធ្វើឲ្យមានសម្រស់កាន់តែប្រសើរឡើងៗ។ 

Wat Phnom 3.png

វត្តភ្នំដូនពេញ ក៏មានរឿងព្រេងមួយតំណាលដូចតទៅ ដោយមានស្រ្តីមេម៉ាយម្នាក់ឈ្មោះ ដូនពេញ នៅថ្ងៃមួយបានដើរលេងតាមដង ទន្លេមេគង្គ ក៏បានឃើញដើមគគីរមួយអណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមគគីរនោះ។ នៅក្នុងដើមគគីរនោះ គាត់ក៏បានរកឃើញពុទ្ធដិមាករដ៏មានតំលៃចំនួន ៤ អង្គ។ ក្នុងឆ្នាំ ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំ និង សាងសង់វិហារមួយដើម្បីតម្កល់ពុទ្ធដិមាករនោះ ដែលបានក្លាយជាវត្តភ្នំដូនពេញមកទល់សព្វថ្ងៃនេះ។ 


៥. វិមានឯករាជ្យ

ទីតាំង៖ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ   

Independence Monument.png

វិមានឯករាជ្យ ជាស្ថាបត្យកម្មសំណង់ប្រវត្តិសាស្រ្តដ៏ពិសេសមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជានិមិត្តសញ្ញាបង្ហាញនូវការទទួលបានឯករាជ្យយ៉ាងពេញលេញរបស់ប្រទេសកម្ពុជាពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ក៏ដើម្បីរំឭកទៅដល់វីរភាពរបស់បុព្វបុរសខ្មែរដែលបានតស៊ូពលីជីវិតក្នុងការដណ្ដើមឯករាជ្យពីបារាំង ក្រោមការដឹកនាំរបស់ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងបានប្រារព្ធមកដល់ពេលបច្ចុប្បន្ន។ 

1Q5A0711.jpg

វិមានឯករាជ្យ ត្រូវបានរចនាប្លង់ដោយបិតាស្ថាបត្យកម្មដ៏ល្បីល្បាញរបស់កម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ក្រោមការត្រាស់បង្គាប់ពីព្រះបិតាឯករាជ្យជាតិ ឲ្យសាងសង់នៅក្នុងឆ្នាំ ១៩៥៨ ក្រោយប្រទេសកម្ពុជាទទួលបានឯករាជ្យរយៈពេល ៥ ឆ្នាំ។ វិមានឯករាជ្យក៏បានបង្ហាញអំពីអច្ឆរិយនៃស្ថាបត្យកម្មខ្មែរ ដោយការរចនាបានយកនូវលំនាំតាមប្រាសាទបុរាណនានាសម័យអាណាចក្រខ្មែរ អមជាមួយសិល្បៈសម័យទំនើបផងដែរ។

独立碑_result.png


៦. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

តម្លៃសំបុត្រ៖ មិនគិតថ្លៃសម្រាប់ភ្ញៀវជាតិ ភ្ញៀវបរទេសអាយុពី ១០ ដល់ក្រោម ១៨ ឆ្នាំ មានតម្លៃ ៣ ដុល្លារ និង សម្រាប់ភ្ញៀវបរទេសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងមានតម្លៃ ៥ ដុល្លារ ។

ពេលវេលាដំណើរការ៖  ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច។

ទីតាំង៖ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

Tuol Sleng.png

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

Tuol Sleng (2).jpg

មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និង កំទេចអ្នកដែលត្រូវចាត់ទុក ថាជា “អ្នកទោសនយោបាយ” របស់របបនេះ នៅក្រោមការគ្រប់គ្រងចន្លោះឆ្នាំ១៩៧៥-១៩៧៩។  

Toul Slang (3).jpg

ក្រោយពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ គុកទួលស្លែង បានប្រែក្លាយទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដោយបានរក្សាទុក និងបង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដកម្ពុជា ដើម្បីឲ្យសាធារណជនសិក្សាស្វែងយល់ ក្នុងបំណងជម្រុញ និងលើកទឹកចិត្តឲ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព ។


៧. វាលពិឃាដជើងឯក

តម្លៃសំបុត្រ៖ មិនគិតថ្លៃសម្រាប់ភ្ញៀវជាតិ និង ៣ ដុល្លារសម្រាប់ភ្ញៀវបរទេសមួយនាក់ ។

ពេលវេលាដំណើរការ៖  ចាប់ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ៥:៣០ ល្ងាច។

ទីតាំង៖ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

Choeung_Ek_killing_fields.jpeg

មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជាកន្លែងដែលបង្ហាញឱ្យឃើញពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន ដោយសារទីនេះជាអតីតកន្លែងពិឃាតអ្នកទោស ក្រោយពីជាប់ឃុំឃាំង និងសួរចម្លើយរួចពីគុកទួលស្លែង នាសម័យរបប បច្ចុប្បន្នក្លាយជាទីតាំងមណ្ឌលទេសចរណ៍ មានប្រល័យពូចន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ហើយភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាសិក្សាស្រាវជ្រាវអំពីប្រវត្តសាស្ត្រ សម័យកាលជូរចត់។

news/2024-01-12/1705035786625958.jpeg

យោងតាមឯកសារស្រាវជ្រាវ ដែលបន្សល់ទុកឃើញថា មានប្រជាពលរដ្ឋស្លាប់ក្រោមការចោទប្រកាន់ ពីរបបខ្មៅងងឹត ប៉ុល ពត ជនរងគ្រោះស្លាប់ នៅសារមន្ទីរជើងឯក ប្រមាណ២០០០០នាក់ ។ អ្នកទោសដែល បញ្ជូនចេញពីមន្ទីរឃុំឃាំងទួលស្លែង ឬ ហៅថា «គុកទួលស្លែង» ឬ «មន្ទីរសរ២១» មកសម្លាប់នៅ វាលពិឃាតជើងឯក ។ ទីតាំងមិនអាចបំភ្លេចបានមួយនេះ ជាអនុស្សាវរីយ៍ក្តុកក្តុល របស់ប្រជាជនខ្មែរ ដែលរបបខ្មែរក្រហមបន្សល់ទុកឲ្យ ហើយសព្វថ្ងៃ ប្រែក្លាយជាទីតាំងមណ្ឌលទេសចរណ៍ប្រវត្តិសាស្ត្រ មានភ្ញៀវជាតិ អន្តជាតិចូលទស្សនា ដើម្បីស្វែងយល់ អំពីរបបព្រៃផ្សៃយង់ឃ្នង។


៨. ពហុកីឡដ្ឋានជាតិ អូឡាំពិក

ទីតាំង៖ មហាវិថីហ្សាលដឺហ្គោល សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ 

120197213_2876010449312781_8252409917180428136_n.jpg

ពហុកីឡដ្ឋានជាតិអូឡាំពិក មានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ ដែលជាស្នាដៃប្រវត្តិសាស្ត្ររបស់បិតាស្ថាបត្យករកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ។ ការស្ថាបនាពហុកីឡដ្ឋានជាតិបានចាប់ផ្ដើមនៅឆ្នាំ ១៩៦២ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នបានប្ដូរឈ្មោះជាកីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម) នៅឆ្នាំ ១៩៦៣ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញដោយសារបញ្ហានយោបាយនៅកម្ពុជា។ ពិធីសម្ពោធបានធ្វើឡើងនៅថ្ងៃទី ១២ ធ្នូ ១៩៦៤។ ថវិកាដែលត្រូវចំណាយក្នុងការសាងសង់រួចរាល់អស់ទឹកប្រាក់ចំនួន៧៧៨លានរៀល។

301494587_536368398265626_8972571087187832370_n.jpg

លោក វណ្ណ ម៉ូលីវណ្ណ បានបង្កើតអ័ក្សមួយដែលរត់ពីទិសខាងលិចឆ្លងកាត់ទីលានកីឡា និងមានគូទឹកព័ទ្ធជុំវិញតំបន់រាងចតុកោណ។ ទីលានកីឡាសំខាន់ៗត្រូវបានរៀបចំតាមលំដាប់ស៊ីមេទ្រីតាមអ័ក្ស ដោយបានរៀបចំឲ្យមានច្រកចូលសំខាន់នៅទិសខាងលិច។ គំនិតក្នុងការរចនាប្លង់ទាំងអស់នេះគឺ យកលំនាំតាមគោលការណ៍ពី ប្រាសាទអង្គរវត្ត។

120202779_2877099759203850_4601295091011795075_n.jpg

ពហុកីឡដ្ឋានជាតិអូឡាំពិកមានទីលានកីឡាសំខាន់ៗដូចជា៖ ទីលានកីឡាប្រក់ដំបូល (Indoor Stadium) ដែលមានកន្លែងអង្គុយចំនួន ៨០០០នាក់, ទីលានកីឡាគ្មានដំបូល (Outdoor Stadium) មានកន្លែងអង្គុយចំនួន ៧ម៉ឺននាក់។ លើសពីនេះទៀតពហុកីឡដ្ឋាននេះក៏មានអាងហែលទឹកដែលមានកន្លែងអង្គុយ ៤០០០នាក់, ទីលានកីឡាវាយកូនបាល់ និង កន្លែងលេងកីឡាផ្សេងទៀតផងដែរ។ 


៩. ផ្សារធំថ្មី 

ទីតាំង៖ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ 

ផ្សារធំថ្មីនៅទីក្រុងភ្នំពេញ មានទីតាំង ស្ថិតនៅចំកណ្តាលបេះដូងរាជធានីរបស់ប្រទេសកម្ពុជា ។ ឈ្មោះជាភាសាខ្មែរគឺ ផ្សារថ្មី ដែលបកប្រែថា “new market” ទោះបីជាត្រូវបានគេសំដៅភាគច្រើនជា Central Market ជាភាសាអង់គ្លេសក៏ដោយ។

Central Market.jpg

ផ្សារធំថ្មី” ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏មម៉ាញឹករាប់ទសវត្សរ៍មកហើយ ដែលកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំង កាលពីដើមសតវត្សរ៍ទី២០ (គស.១៩៣៥-១៩៣៧) ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (គ្រងរាជ្យសម្បត្តិ ពី គស.១៩២៧-១៩៤១) ដោយស្ថាបត្យករ លោក ហ្សង់ ដឺប៊័រ (Jean Desbois) ដែលជាស្ថាបត្យករសញ្ជាតិបារាំង សាងសង់តាមម៉ូត Art Deco ហើយត្រូវបានលាបពណ៌លឿងលាយប្រផេះ។ 

Central Market (2).jpg

សំណង់នេះមានស្លាបបួន ដែលគ្របដោយដោមនៅចំកណ្តាល ។ នៅក្នុងស្លាប ទាំង បួននេះ និងនៅជុំវិញបរិវេណខាងក្រៅ គឺមានដាក់លក់នូវរបស់របរស្ទើរតែគ្រប់ប្រភេទ ដែលលោកអ្នកអាច គិតដល់ រួមមាន ឧបករណ៍អេឡិចត្រូនិច សំលៀកបំពាក់ នាឡិកាដៃ កាបូប វ៉ាលីស អាហារស្ងួត និងស្រស់ គ្រឿងអលង្ការ សំលៀកបំពាក់ ចាប់ពី អាវយឺតដែលមានតម្លៃថោក រហូតដល់ក្រមា (ក្រមាខ្មែរ) វត្ថុបុរាណ ដែលទាក់ទាញ សៀវភៅ រួមមាន សៀវភៅមគ្គុទ្ទេសក៍អំពីការធ្វើដំណើរថតចម្លង និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត។


១០. រូបសំណាកព្រះបាទនរោត្តម សីហនុ

ទីតាំង៖ នៅជិតវិមានឯករាជ្យ 

news/2024-01-12/1705041470535274.jpg

រូបសំណាកព្រះបរមរតនកោដ្ឋ សម្ដេចឪ នរោត្តម សីហនុ ត្រូវបានកសាងឡើងនៅឆ្នាំ ២០១៣ បន្ទាប់ពីការយាងចូលទិវង្គតរបស់សម្ដេចព្រះបាទ នរោត្ដម សីហនុ កាលពីថ្ងៃ១៥ តុលា ឆ្នាំ២០១២ ក្នុងគោលបំណងរក្សាការចងចាំនូវព្រះរាជបូជនកិច្ចរបស់ទ្រង់ក្នុងចលនាតស៊ូទាមទារឯករាជ្យពេញលេញមកឱ្យកម្ពុជាពីបារាំងវិញ និងការដឹកនាំដ៏ឈ្លាសវៃធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនខ្លាំងនៅសម័យសង្គមរាស្រ្តនិយម។

640.jpeg

 រូបសំណាកនេះបានសាងសង់នៅលើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ ម៉ែត្រ និងទទឹង២៧ ម៉ែត្រ ដែលព្រះបរមរូបធ្វើអំពីស្ពាន់កម្ពស់ ៥ ម៉ែត្រឈរមួយជំហរខ្លួន បែរព្រះភក្រ្ដមកទិសខាងកើត បែរខ្នងទៅវិមានឯករាជ្យ តម្កល់លើជើងទម្រមួយកម្ពស់  ២.៧ ម៉ែត្រ។


១១. វិមាន ឈ្នះ ឈ្នះ

ទីតាំង៖ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

Win Win Monument.jpg

សំណង់វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ 

សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ និងជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជាដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំទៅនោះ បានដាក់ចេញនូវការប្រើប្រាស់នីតិវិធី ធ្វើយ៉ាងណា ឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ 

40edb38d7c73-1-994x1024.jpeg


១២. បណ្ណាល័យ ជាតិ

ម៉ោងបើក៖ ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៤ ល្ងាច

ទីតាំង៖ ផ្លូវឧកញ៉ាហ៊ីងប៉ែន (ផ្លូវលេខ៦១) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្ណាល័យជាតិបានកសាងឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩២៤ ដោយរដ្ឋាភិបាលអាណានិគមបារាំងនៅឥណ្ឌូចិនដែលរហូតមកទល់ពេលនេះមានអាយុ ៩៩ ឆ្នាំហើយ។ 

DYK-national-library.jpg

នៅក្នុងឆ្នាំ ១៩៥៤ ក្រោយពីទទួលឯករាជ្យ ពីអាណានិគមបារាំងមក បណ្ណាល័យនេះបានប្តូរឈ្មោះពីបណ្ណាល័យកណ្តាលមកបណ្ណាល័យជាតិកម្ពុជាវិញ។

20046349_763292147175257_4879618464432881088_n.png

បច្ចុប្បន្នបណ្ណាល័យនេះមាន ក្រាំង សាស្ដ្រាស្លឹករឹត ឯកសារ និងសៀវភៅចាស់ ថ្មី ជាង ១២ ម៉ឺនក្បាលដែលជាច្បាប់ និងរដ្ឋបាល សម្រាប់ប្រទេសកម្ពុជា និងឥណ្ឌូចិន ក៏ដូចជា សៀវភៅអំពីសិល្បៈ ការធ្វើដំណើរ និងប្រវត្តិសាស្ត្រកម្ពុជាផងដែរ។


កន្លែងទេសចរណ៍ប្រវត្តិសាស្រ្តខាងលើមិនត្រឹមតែជាទីតាំងសម្រាប់សម្រាកលម្ហែកាយរបស់ភ្ញៀវជាតិ ឬអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលអាចបានបង្ហាញអំពីប្រវត្តិសាស្រ្តនានារបស់ប្រទេសកម្ពុជា។ 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)