ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > តោះមកដឹងអំពីកោះមួយចំនួននៅប្រទេសកម្ពុជាដែលទទួលបានការវិនិយោគនិងអភិវឌ្ឍយ៉ាងខ្លាំងក្លា

តោះមកដឹងអំពីកោះមួយចំនួននៅប្រទេសកម្ពុជាដែលទទួលបានការវិនិយោគនិងអភិវឌ្ឍយ៉ាងខ្លាំងក្លា

2024-03-30
578
0
សង្ខេប:ក្នុងអត្ថបទនេះ Compass នឹងធ្វើការបង្ហាញនូវកោះមួយចំនួនក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនកំពុងតែធ្វើការវិនិយោគ និងអភិវឌ្ឍទៅជាតំបន់លម្ហែកាយ តំបន់ទេសចរណ៍ និង ជាកន្លែងដែលល្អសម្រាប់វិនិយោគផងដែរ។ 

ថ្វីត្បិតតែប្រទេសកម្ពុជា គឺជាប្រទេសតូចក៏ពិតមែន ប៉ុន្តែសម្បូរទៅដោយសម្បត្តិធនធានវប្បធម៌ និងសម្បត្តិធនធានធម្មជាតិចម្រុះ មិនថាធនធានទន្លេ ធនធាននៅតាមតំបន់មាត់សមុទ្រ ជាពិសេសគឺតំបន់កោះ។ 

យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ វិនិយោគិនជាតិ និងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ និងវិនិយោគនៅតំបន់កោះជាហូរហែ ដែលធ្វើឱ្យបណ្ដាកោះនានា នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើម មានការអភិវឌ្ឍជាបន្តបន្ទាប់។ 

ក្នុងអត្ថបទនេះ Compass នឹងធ្វើការបង្ហាញនូវកោះមួយចំនួនក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនកំពុងតែធ្វើការវិនិយោគ និងអភិវឌ្ឍទៅជាតំបន់លម្ហែកាយ តំបន់ទេសចរណ៍ និងជាកន្លែងដែលល្អសម្រាប់វិនិយោគផងដែរ។ 

 

ខេត្តជាប់សមុទ្រទាំងបួននៃប្រទេសកម្ពុជា

មុននឹងឈានទៅដល់ការរៀបរាប់អំពីស្ថានភាពកោះនានាដែលកំពុងទទួលបានការអភិវឌ្ឍនៅតាមបណ្ដាខេត្តជាប់សមុទ្រ អ្នកអានគួរមកដឹងអំពីខេត្តដែលជាប់សមុទ្រជាមុនសិន។ 

ខេត្តចំនួន៤នៃប្រទេសកម្ពុជា (ហៅកាត់ថា K4) មានទីតាំងនៅជាប់នឹងឈូងសមុទ្រនៃប៉ែកនិរតី ហើយក៏ជាខេត្តដែលត្រូវបានចាត់ទុកជាតំបន់អាទិភាព នៃធនធានសមុទ្ររបស់ប្រទេសកម្ពុជា រួមមាន៖ 

១. ខេត្តកោះកុង 

មានផ្ទៃដីសរុប ១០ ០៤៥,៥៨ គីឡូម៉ែត្រការ៉េ ស្ថិតនៅប៉ែកនិរតីបំផុតនៃប្រទេសកម្ពុជា ហើយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រនិងប្រទេសថៃ និងខាងជើងជាប់ខេត្តពោធិ៍សាត់។ 

នៅខេត្តកោះកុង មានកោះចំនួន ២៣ រួមមាន ១-កោះកុងក្រៅ, ២-កោះស្ដេច, ៣-កោះស្មាច់, ៤-កោះអំពិលធំ, ៥-កោះអំពិលកណ្ដាល, ៦-កោះអំពិលតូច, ៧-កោះមូល, ៨-កោះនូ ឬកោះកណ្ដុរ, ៩-កោះដំឡូង, ១០-កោះម្នាស់, ១១-កោះតាទាម, ១២-កោះយ៉, ១៣-កោះគ្រួសារក្នុង, ១៤-កោះគ្រួសារក្រៅ, ១៥-កោះគ្រួសារកណ្ដាល, ១៦-កោះអណ្ដើក, ១៧-កោះខ្មោច (កោះរីករាយ), ១៨-កោះឆាន់, ១៩-កោះទទឹង, ២០-កោះរកាស, ២១-កោះពៅ, ២២-កោះសាន់ឈើរ៉ា និង ២៣-កោះលយ។

(តំបន់ប្រជុំកោះខេត្តកោះកុង, ប្រភពរូបភាព៖ រដ្ឋបាលខេត្តកោះកុង)

 

២. ខេត្តព្រះសីហនុ 

គ្របដណ្តប់លើផ្ទៃដី ២ ៦៥៨,៩០ គីឡូម៉ែត្រការ៉េ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង ខាងកើតជាប់នឹងខេត្តកំពតនិងកំពង់ស្ពឺ ខាងត្បូងនិងខាងលិចជាប់នឹងខេត្តកំពត និងឈូងសមុទ្រថៃ។ 

និយាយពីដែនកោះវិញ ខេត្តព្រះសីហនុមានកោះសរុបចំនួន ៣២ ក្នុងនោះរួមមាន៖ ១-កោះព្រាប, ២-កោះពស់, ៣-កោះថាស (កោងកាង), ៤-កោះដែកគោល, ៥-កោះត្រេះ (កោះខ្ទះ), ៦-កោះរ៉ុង, ៧-កោះបង, ៨-កោះប្អូន, ៩-កោះកូន (កុក/កណ្តាល), ១០-កោះរ៉ុងសន្លឹម, ១១-កោះមូល, ១២-កោះតូច, ១៣-កោះចន្លុះ ឬកោះប្រើស, ១៤-កោះថ្មី, ១៥-កោះច្រឡុះ (កោះក្របី), ១៦-កោះតាគៀវ, ១៧-កោះឬស្សី, ១៨-កោះស្រមោច, ១៩-កោះសំពោច, ២០-កោះដូង, ២១-កោះព្រីង, ២២-កោះខ្មោច, ២៣-កោះត្រងោល, ២៤ កោះវាល, ២៥-កោះតាង, ២៦-កោះមួយ, ២៧-កោះដំឡូង (ក្តាម), ២៨-កោះពីរលិច, ២៩-កោះពីរកើត និងកោះ ៣ ទៀត មានកោះតា កោះយាយ និងកោះចៅ ដែលកោះទាំងបីចុងក្រោយនេះស្ថិតក្នុងប្រជុំកោះពូលូវៃ។

(ប្រជុំកោះនៅខេត្តព្រះសីហនុ)

 

៣. ខេត្តកំពត

គ្របដណ្តប់លើផ្ទៃដី ៤ ៨៧៣,២ គីឡូម៉ែត្រការ៉េ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ និងខាងលិចជាប់នឹងខេត្តព្រះសីហនុ។ 

ដោយឡែកខេត្តកំពតក៏ជាខេត្តសក្តានុពលទេសចរណ៍ ហើយស្ថិតក្នុងចំណោមខេត្តទាំង ៤ ដែលជាប់ឆ្នេរសមុទ្រ។ យ៉ាងណាមិញ ខេត្តមួយនេះមានកោះតែ ៣ ប៉ុណ្ណោះក្នុងដែនសមុទ្រក្នុងនោះរួមមាន៖ ១-កោះសេះ ដែលជាកោះធំជាងគេ, ២-កោះគី និងទី៣-កោះត្រងោល ឬហៅថ្មប៉ប្រះទឹក ព្រោះកោះត្រងោលពុំមានស្មៅដុះ ឬដើមឈើដុះនៅឡើយ គឺគ្របដណ្តប់ដោយថ្មនៅលើផ្ទៃកោះទាំងមូលតែម្តង។

(តំបន់ប្រជុំកោះខេត្តកំពត, ប្រភពរូបភាព៖ Visit Kampot)

 

៤. ខេត្តកែប 

ខេត្តគ្របដណ្តប់លើផ្ទៃដី ៣៣៦ គីឡូម៉ែត្រការ៉េ ដែលមានព្រំប្រទល់ដីគោកព័ទ្ធជុំវិញដោយខេត្តកំពត និងព្រំប្រទល់សមុទ្រប្រវែង ២៦ គីឡូម៉ែត្រ។ 

ក្នុងខេត្តកែបមានកោះសរុបចំនួន១២ និងថ្មប៉ប្រះទឹកចំនួន១ រួមមាន៖ ១-កោះទន្សាយ, ២-កោះត្បាល់, ៣-កោះស្វាយ, ៤-កោះពោធិ៍, ៥-កោះម៉ាក់ប្រាង, ៦-កោះអាចម៍សេះ, ៧-កោះអង្រ្កង់, ៨-កោះស្វាយព្រៃ, ៩-កោះហាលត្រី, ១០-កោះការ៉ាង, ១១-កោះកុក, ១២-កោះម្ទេស និងទី១៣-គឺតំបន់ថ្មប៉ប្រះទឹក។

(ខេត្តកែប, ប្រភពរូបភាព៖ ភ្នំពេញប៉ុស្តិ៍)


សូមរំលឹកផងដែរថា កោះមួយចំនួនខាងលើបានអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍កម្សាន្ត ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនឯកជនផ្សេងៗ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត។  ហើយកោះខ្លះទៀត ក៏បានអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិ តែជាប្រភេទសហគមន៍នៅក្នុងតំបន់ ដែលបានបង្កើតឡើងដោយប្រជាជនលើកោះ ចំណែកឯកោះមួយចំនួនទៀត ទោះមិនមានប្រជាជនរស់នៅ ក៏អាចទៅកម្សាន្តបានដែរ ក្នុងលក្ខណបោះតង់ ធ្វើម្ហូបដោយខ្លួនឯង ដោយមានសេវាទូកជូនទៅដល់។

 

ស្ថានភាពកោះនៅប្រទេសកម្ពុជា និងការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន

ទោះបីជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជាទាំង ៤ មានចំនួនជាង ៧០ កោះក៏ដោយ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន គឺមានចំនួនកោះប្រមាណជា១ភាគ៣ នៃចំនួនកោះសរុបតែប៉ុណ្ណោះ ដែលរដ្ឋាភិបាលបានបើកសិទ្ធិទទួលឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគនិងអភិវឌ្ឍ។ ប៉ុន្តែ Compass សូមលើកឡើងកោះចំនួន ១៦ តែប៉ុណ្ណោះដែលទទួលបានការអភិវឌ្ឍ និងជាគោលដៅវិនិយោគដ៏ល្អនាពេលអនាគត។

កោះទាំងនោះ រួមមាន៖

១. កោះរ៉ុង

កោះរ៉ុងគឺជាកោះធម្មជាតិដែលមានផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមានទេសភាពស្អាតប្លែក ហើយក៏ត្រូវបានគេចាត់ទុកថាជាកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបំផុតនៅឥណ្ឌូចិនថែមទៀតផង។

កោះរ៉ុង ជាកោះមួយស្ថិតនៅចំងាយ ៤០ គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុប្រទេសកម្ពុជាយើង ដែលមានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ ជាកោះធម្មជាតិដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា និងមានប្រវែងពីជើងទៅត្បូងប្រហែល ១០ គីឡូម៉ែត្រដោយចំណុចខ្ពស់បំផុតរបស់កោះនេះមានប្រមាណ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ការធ្វើដំណើរទៅកោះរ៉ុង ត្រូវចំណាយពេល ២ ម៉ោងឬច្រើនជាងនេះពីដីគោកនៃក្រុងព្រះសីហនុ។

បើប្រៀបធៀបជាមួយនឹងកោះមួយចំនួន កោះរ៉ុងហាក់មានប្រៀបច្រើនជាងគេ ក្នុងការទាក់ទាញអ្នកវិនិយោគ ព្រោះកោះនេះ មានគមនាគមន៍ផ្លូវទឹកដែលនាំយកអ្នកដំណើរ និងអ្នកទេសចរជារៀងរាល់ថ្ងៃរួចទៅហើយ។ ដូច្នេះហើយ វារឹតតែធ្វើឱ្យអ្នកវិនិយោគកាន់តែសម្លឹងឃើញឱកាសអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិនៅលើកោះនេះបន្ថែមទៀត។ ហើយការវិនិយោគនៅលើកោះនេះ ភាគច្រើនជាគម្រោងសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋាន។

នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើនបានធ្វើការអភិវឌ្ឍកោះរ៉ុង ក្នុងនោះមានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី (Royal Group Koh Rong Development Company)  របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប (Royal Galaxy Group) របស់ចិន ដោយប្រើប្រាស់ទុនចំនួន ២ ពាន់លានយ័ន ឬប្រមាណជាង ២៨៥ លានដុល្លារអាមេរិក។ 

គម្រោងវិនិយោគនៅលើកោះរ៉ុងដែលអភិវឌ្ឍមានដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥ រមណីយដ្ឋាន កាស៊ីណូ រោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនិងអនុភាព3MW គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមក្រោមបាតសមុទ្រ និងអាកាស ពីសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទៅតាមបណ្ដាកោះមួយចំនួននៅខេត្តកោះកុង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) តម្លៃ ៣០០ លានដុល្លារ និងផ្លូវបេតុងប្រវែង ៧០ គីឡូម៉ែត្រ (ជាអនុស្សារណៈនៃការវិនិយោគចំនួន ៣៥ លានដុល្លាររវាងក្រុមហ៊ុន Royal Group Koh Rong Development Co., Ltd និងក្រុមហ៊ុន Sinohydro Corporation Limited)។ 


២. កោះរ៉ុងសន្លឹម

ជាកោះមួយរបស់ខេត្តព្រះសីហនុដែរ និងមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៤ គីឡូម៉ែត្រប៉ែកខាងត្បូងនៃកោះរ៉ុង ដែលមានខ្សាច់សក្បុសនៅក្បែរនោះ គឺកោះរ៉ុងសន្លឹម។  លក្ខណៈពិសេសរបស់កោះរ៉ុងសន្លឹម គឺជាឆ្នេរខ្សាច់សដ៏វែង ជាមួយនឹងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតជាទេសភាពដ៏កម្រមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទៅលម្ហែកាយនៅទីនោះ។ 

(កោះរ៉ុងសន្លឹម, ប្រភពរូបភាព៖ ប្រព័ន្ធអ៉ីនធើណេត)

មិនខុសពីកោះរ៉ុងនោះទេ កោះរ៉ុងសន្លឹម គឺជាតំបន់ដែលកំពុងមានសក្តានុពលមួយ សម្រាប់គម្រោងវិនិយោគភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះលម្ហែកាយជាដើម។ ក្រុមហ៊ុនដែលកំពុងធ្វើការអភិវឌ្ឍនៅកោះរ៉ុងសន្លឹមរួមមាន៖ 

- ក្រុមហ៊ុន Koh Rong Sanloem Island Resorts Co.,Ltd លើគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះរ៉ុងសន្លឹម ទំហំ ១ ០៦៦ ហិកតា 

- ក្រុមហ៊ុន Emario Shonan Marin Corporation Ltd. សហការជាមួយក្រុមហ៊ុន U Property Management Co.,Ltd លើគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះរ៉ុងសន្លឹម ទំហំ ១ ៣១៥ហិកតា។ 

កាលពីថ្ងៃថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមហ៊ុនទាំងពីរក៏បានវិនិយោគទៅលើគម្រោងសាងសង់ផ្លូវបេតុងជាង ៦០គីឡូម៉ែត្រ និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុផងដែរ។ ក្រុមហ៊ុនវិនិយោគក៏មានបំណងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់នាពេលអនាគតផងដែរ។

(ផែនការអភិវឌ្ឍកោះរ៉ុងសន្លឹម)


៣. កោះសង្សារ

កោះសង្សារ ជាកោះថ្មីមួយមានលក្ខណៈឯកជនក្នុងខេត្តព្រះសីហនុ។ កោះនេះមានលក្ខណៈពិសេសជាច្រើន ដោយសារតែនៅទីនោះជាប្រភេទកន្លែងសម្រាកលម្ហែយ៉ាងស្ងប់ស្ងាត់ល្អ មានទាំងកន្លែងស្នាក់នៅ មានកន្លែងមើលព្រះអាទិត្យលិច កន្លែងមើលផ្កាថ្ម និងត្រីដ៏ស្រស់ស្អាត ព្រមទាំងកន្លែងជាច្រើនទៀត ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាតខ្លាំង រហូតគេប្រដូចទៅនឹងកោះម៉ាល់ឌីវទី ២ ថែមទៀតផង។

កោះសង្សារ រំលេចរូបរាងយ៉ាងស្រស់អស្ចារ្យស្ថិតនៅលើផ្ទៃមហាសាគរភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយធ្វើដំណើរតាមទូកប្រមាណចន្លោះពី ៤០-៤៥ នាទី និងមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ 

គម្រោងអភិវឌ្ឍទីតាំងកោះសង្សារ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Brocon Investment Co.,Ltd. លើដីទំហំ ៧,៤២ ហិកតា ដោយកសាងជា វីឡាលើភ្នំ វីឡាលើគោកមើលទេសភាពសមុទ្រ វីឡាលើទឹក ភោជនីយដ្ឋានលើទឹក កន្លែងធ្វើយូហ្គា និងកន្លែងសម្រាប់សកម្មភាពកម្សាន្តផ្សេងៗទៀត។

(រមណីយដ្ឋានកោះសង្សារ, ប្រភពរូបភាព៖ ប្រព័ន្ធអ៉ីនធើណេត)

 

៤. កោះក្របី

កោះក្របី ជាកោះស្ថិតនៅក្នុងខេត្តព្រះសីហនុ និងជាកោះមួយកំពុងទទួលភាពល្បីល្បាញដែលមានទេសភាពឆ្នេរខ្សាច់សក្បុសបែបធម្មជាតិស្រស់ត្រកាល។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់កោះតាមរយៈទូក ចេញពីភាគខាងត្បូងនៃក្រុងព្រះសីហនុ ដោយចំណាយពេលត្រឹមតែ ២០ នាទី។ 

កោះក្របីត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ក្រុមហ៊ុន RPB Investment Co.,Ltd លើផ្ទៃដីទំហំ ១២,២៣ ហិកតា ជាមួយនឹងការសាងសង់ជារមណីយដ្ឋានទំនើបប្រណីត Six Senses Krabey Island ដែលមានផ្ទះវីឡាលម្ហែកាយឯកជនដាច់ដោយឡែកចំនួន ៤០ ខ្នង។

 

៥. កោះឬស្សី 

កោះឬស្សី ជាកោះដ៏សែនស្រស់ស្អាត ដែលមានផ្ទៃទឹកពណ៌ខៀវ ឆ្នេរស្រស់បំព្រងមានខ្សាច់ពណ៌ផ្កាឈូក ឬក្រហមជាមួយព្រៃយ៉ាងក្រាស់  មានទីតាំងនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននឹងកំពុងក្លាយជាទីកន្លែងកំសាន្តលម្ហែលើកោះ លម្ហែបែបប្រណីត ដែលភ្ញៀវទេសចរអាចហែលទឹកដេកហាលថ្ងៃ ជិះទូក ស្ទូចត្រី គយគន់ថ្ងៃលិច ជិះកង់ស្រូបយកខ្យល់បរិសុទ្ធ និងដើរតាមឆ្នេរ។ល។

រដ្ឋាភិបាលបានជួលកោះឲ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍគម្រោងទេសចរណ៍ធម្មជាតិលើផ្នែកសណ្ឋាគារ បឹងកាឡូ រីសត ដែលមានស្តង់ដារកម្រិតខ្ពស់ប្រកបដោយផាសុខភាព។ នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួនពីរកំពុងវិនិយោគនៅកោះឬស្សី រួមមាន៖ 

- ក្រុមហ៊ុន Everspring Resort Co., Ltd មានគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះឬស្សី លើផ្ទៃដីទំហំ ៥២ ហិកតា ក្នុងការសាងសង់ជាសណ្ឋាគារ និងរមណីយដ្ឋាន។

- ក្រុមហ៊ុន Koh Russey Resort Ltd មានគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះឬស្សី ទំហំ ៧៨ ហិកតា ដោយក្រុមហ៊ុនបានអភិវឌ្ឍទេសចរណ៍ធម្មជាតិលើផ្នែកសណ្ឋាគារ បឹងកាឡូ រីសត វីឡាលម្ហែកាយ វីឡាមានអាងហែលទឹកឯកជន ភោជនីយដ្ឋាន បារ បន្ទប់ហាត់ប្រាណ បន្ទប់ស្ប៉ា អាងហែលទឹក ព្រមទាំងសកម្មភាពនៅលើឆ្នេរសមុទ្រជាដើម។

 

៦. កោះមរកត (កោះពស់)

កោះមរកត ឬ កោះពស់ក៏ជាកោះដែលមានសក្តានុពល ក្នុងការអភិវឌ្ឍពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសំណង់ដែរ។ ប៉ុន្តែមានលក្ខណពិសេសជាងកោះដទៃត្រង់ថា កោះនេះនៅជិតបង្កើយទៅនឹងដីគោកក្រុងព្រះសីហនុ ពោលគឺមិនដល់ ១ គីឡូម៉ែត្រផងឆ្លងទៅកោះនេះ។ 

កោះពស់ ស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Koh Puos (Cambodia) Investment Group Ltd. ជាមួយទំហំ ១១៦ ហិកតា។ បន្ថែមពីនេះ កោះនេះមានស្ពានឆ្លងសមុទ្រប្រវែងជាង ៩០០ ម៉ែត្រ ផ្លូវបេតុង គម្រោងផ្ទះលម្ហែកាយមួយចំនួន ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដែលបានអភិវឌ្ឍរួចរាល់យ៉ាងស្អាត។

 

៧. កោះថ្មី 

កោះថ្មី ជាកោះមួយរបស់ខេត្តព្រះសីហនុ ប្រទេសកម្ពុជាដែរ ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ១ ម៉ោងពីដីគោកក្រុងព្រះសីហនុ។ កោះនេះ មានទេសភាពស្រស់ស្អាតដែលអមទៅដោយព្រៃកោងកាងនៅជុំវិញយ៉ាងខៀវស្រងាត់។ លើសពីនេះអ្នកទេសចរក៏អាចទស្សនាសត្វព្រៃ បក្សាបក្សីជាច្រើនប្រភេទដែលមាននៅទីនោះ។   

ទោះបីជាស្ថិតនៅខាងក្នុងតំបន់ការពារនៃឧទ្យានជាតិរាមក៏ដោយ ដោយមើលឃើញអំពីសក្ដានុពលរបស់កោះ រដ្ឋាភិបាលកម្ពុជាបានអនុម័តផ្ដល់ដីសម្បទានជួលរយៈពេលវែងដល់ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនចាប់តាំងពីឆ្នាំ ២០១០ មក ដូចជាគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ រមណីយដ្ឋាន សណ្ឋាគារ បឹងហ្គាឡូ កន្លែងលម្ហែកាយ និងកម្សាន្តផ្សេងៗទៀត ។

ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតមានដូចខាងក្រោម៖ 

- ក្រុមហ៊ុន H.T.T.H Island Investment Co.,Ltd លើគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ១ ១៦៨ ហិកាតា 

- ក្រុមហ៊ុន Celestial Stars Limited Company លើគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៤០៩ ហិកតា

- ក្រុមហ៊ុន Yeejia Development Company Ltd លើគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៨៥០ ហិកតា

- ក្រុមហ៊ុន វីលុង អ៊ិនធើណេសិនណល អ៊ិនវេសមេន ឯ.ក លើគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ៤៦ ហិកតា

-  ក្រុមហ៊ុន ហូ វុទ្ធី របស់ឧកញ៉ា ហូ វុទ្ធី មានគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី ទំហំ ១៣១,៩៥ ហិកតា

- ក្រុមហ៊ុន OCIC មានគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះថ្មី លើទំហំប្រមាណ ២៤៥ ហិកតា។

 

៨. កោះតាគៀវ

កោះតាគៀវ គឺជាកោះដ៏តូចមួយដែលមានក្រឡាផ្ទៃចំនួន ២៨ គីឡូម៉ែត្រការ៉េ និងមានចម្ងាយប្រមាណជា ១០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ ដើម្បីទៅដល់កោះតាគៀវ ជាទូទៅគេធ្វើដំណើរតាមរយៈទូកម៉ាស៊ីនសម្រាប់ការទៅនិងត្រឡប់មកវិញ និងប្រើរយៈពេលតិចជាង ១ ម៉ោង។ កោះតាគៀវ ជាកោះដែលស្រស់ស្អាតណាស់ ដោយមានឆ្នេរខ្សាច់ពណ៌សលាតសន្ធឹងវែងជាមួយសម្រស់ដ៏ត្រកាល។  កោះតាគៀវអំណោយផលសម្រាប់ការចុះមុជទឹកដើម្បីមើលផ្កាថ្មក្នុងសមុទ្រ ដើរក្នុងព្រៃ ហែលទឹកកម្សាន្តលេង និងសកម្មភាពក្នុងសមុទ្រជាច្រើនផ្សេងទៀត។

មិនខុសពីកោះដទៃ កោះមួយនេះក៏បានទាក់ទាញចិត្តក្រុមហ៊ុនអភិវឌ្ឍធំៗចំនួន ២ រួមមាន៖ 

- ក្រុមហ៊ុន Koh TaKiev Investment Co., Ltd លើគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះតាកៀវ ទំហំ ២៣៨,៨៧០១ ហិកតា 

- ក្រុមហ៊ុន Prince Real Estate (Cambodia) Group លើគម្រោងអភិវឌ្ឍទីតាំងមួយផ្នែកនៃកោះតាកៀវ ទំហំ ៣០៧,៦២ ហិកតា។

 

៩. កោះចន្លុះ ឬកោះប្រើស 

កោះចន្លុះ ឬកោះប្រើស  មានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីឆ្នេរអូរត្រេះ ក្នុងឃុំរាម ស្រុកព្រៃនប់ ក្រុងព្រះសីហនុ និងមានផ្ទៃដីសរុប ៥៦,២៨ ហិកតា។ កោះនេះមានសក្តានុពលទេសចរខ្ពស់ទាំងគម្រោងសាងសង់ស្ថាបត្យកម្មខ្មែរ ទាំងអំណោយផលធម្មជាតិដូចជា ឆ្នេរខ្សាច់ពណ៌លឿងលាយពណ៌មាស មានឆ្នេរថ្មប៉ប្រះទឹក ផ្កាថ្ម ដើមកោងកាងដែលកម្រមាននៅលើកោះកណ្តាលផ្ទៃសមុទ្រ ទឹកសាបធម្មជាតិហូរចេញពីកំពូលភ្នំកោះ និងសត្វកងកេងជាដើម។

សព្វថ្ងៃនេះ កោះប្រើសស្ថិតនៅក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Angela Real Estate Co., Ltd ក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ កាស៊ីណូ ភូមិគ្រឹះ បឹងហ្គាឡូ ក្លិប ភោជនីយដ្ឋាន កន្លែងជិះកង់ និងកន្លែងកម្សាន្តផ្សេងៗទៀត។ 

(ផែនការអភិវឌ្ឍនៅកោះប្រើស)

 

១០. កោះមួយ 

កោះមួយ មានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងចម្ងាយប្រមាណ ៤៧ គីឡូម៉ែត្រពីកោះពូលូវៃ ក្បែរព្រំដែនប្រទេសថៃ។

ក្នុងខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” របស់ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD  របស់ឧកញ៉ា ទៀ វិចិត្រ ក្នុងទុនវិនិយោគប្រមាណ ៧,៧ លានដុល្លារ ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទំនើប និងសម្បូរបែប។

(ផែនការអភិវឌ្ឍនៅកោះមួយ)


១១. កោះទន្សាយ

កោះទន្សាយ ជារមណីយដ្ឋានរណប មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប ខេត្តកែប មានចម្ងាយប្រមាណ ៤,៥ គីឡូម៉ែតត្រពីទីក្រុងកែប ដោយបន្តដំណើរតាមរយៈទូកតូចឬធំ ប្រមាណ ៣០ នាទីនឹងទៅដល់កោះ។ ទីនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណីតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន ២ កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសម្រាប់ងូតទឹកសមុទ្រកម្សាន្តសប្បាយបាន។

កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលបានអនុម័តឱ្យក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត ឯ.ក (Try Pheap Koh Tunsay Resorts Co., Ltd) ទទួលបានសិទ្ធិអភិវឌ្ឍកោះទន្សាយរហូត ៥០ ឆ្នាំ ដោយចំណាយទុនវិនិយោគរហូត ១៣០ លានដុល្លារ លើផ្ទៃដី ១៤៤ ហិកតាក្នុងបំណងបង្កើតទីក្រុងរណបថ្មីមួយ រួមទាំងមណ្ឌលកម្សាន្តដ៏សម្បូរបែប។ ក្រុមហ៊ុនអភិវឌ្ឍក៏បានបង្ហាញនូវផែនការមេនៃគម្រោងអភិវឌ្ឍន៍កោះទន្សាយ ដែលក្នុងនោះមានទាំង រីសត សណ្ឋាគារ មណ្ឌលកម្សាន្ត ព្រះពុទ្ធរូប និង រ៉តកន្រ្តកខ្សែកាបឆ្លងពីកោះទៅកោះមួយទៀតផង។ គម្រោងអភិវឌ្ឍន៍ដ៏ទាក់ទាញសម្បូរបែបនៅលើកោះទន្សាយនេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន។

(ផែនការអភិវឌ្ឍនៅកោះទន្សាយ)


១២. កោះត្បាល់

កោះត្បាល់ គឺជាកោះធម្មជាតិមួយដែលមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញនៅលើកោះតែម្ដង រីឯទឹកសមុទ្រថ្លាឈ្វេងមើលឃើញដល់បាត អមជាមួយខ្យល់អាកាសបរិសុទ្ធទៀតនោះ ធ្វើឱ្យភ្ញៀវទេសចរដែលបានមកលេងកម្សាន្ដនៅកោះនេះមានអារម្មណ៍ស្រស់ស្រាយ។ កោះត្បាល់មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ចម្ងាយប្រហែល ៦ គីឡូម៉ែត្រពីទីក្រុងកែប ដោយអាចធ្វើដំណើរតាមទូកប្រមាណពី ៣៥ ទៅ ៤៥ នាទី។   

កោះត្បាល់ ក៏ជាកោះធម្មជាតិមួយ ដែលមានសក្តានុពលមិនចាញ់កោះដទៃទៀតឡើយសម្រាប់វិស័យទេសចរណ៍ ។ កោះត្បាល់នៅជាប់នឹងកោះទន្សាយ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត ផងដែរ ដោយមានចម្ងាយពីគ្នាតែ ១,៥ គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងទុនវិនិយោគចំនួន ១៧ លានដុល្លារអាមេរិក។

 

១៣. កោះស្វាយ កោះម្ទេស និងកោះកុក

កោះស្វាយ កោះម្ទេស និងកោះកុក ជាកោះតូចៗក្នុងដែននេសាទនៃខេត្តកែបដែលមានទេសភាពខៀវស្រងាត់ ហ៊ុមព័ទ្ធដោយទឹកសមុទ្រខៀវថ្លា ជាពិសេសកោះនេះស្ថិតនៅក្នុងតំបន់អភិរក្សជីវៈចម្រុះក្នុងសមុទ្រផងដែរ។ 

ក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលបានអនុម័តឲ្យក្រុមហ៊ុន  SAMANEA CO., LTD ដែលមានប្រភពមកពីប្រទេសសិង្ហបុរី អភិវឌ្ឍលើគម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ ១៨ លានដុល្លារអាមេរិក ជាមួយគោលបំណងវិនិយោគលើតំបន់កោះ ទៅជារមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលមួយ។ 

 

១៤. កោះស្ដេច 

កោះស្ដេច គឺជាកោះធម្មជាតិមួយស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ដែលលាតសន្ធឹងតាមបណ្ដោយសមុទ្រមានចម្ងាយប្រមាណជាង ៨១ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង និងធ្វើដំណើរតាមផ្លូវទឹកបន្តទៅកាន់កោះដោយជិះអូប័រ (ទូកតូចដែលមានល្បឿនលឿន)។ រមណីយដ្ឋានកោះស្ដេច មានឆ្នេរខ្សាច់សស្អាត មានផ្ទះសំណាក់ និង ទេសភាពស្រស់ស្អាតសម្រាប់លម្ហែ ព្រោះមានកោះជាច្រើននៅព័ទ្ធជុំវិញ និង ព្រៃធម្មជាតិ។ ភ្ញៀវទេសចរអាចជិះទូកទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះនៅបាតសមុទ្រ ។

កោះស្ដេចមិនត្រឹមតែជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិប៉ុណ្ណោះទេ វាក៏ជាតំបន់ដ៏មានសក្ដានុពលសម្រាប់ធ្វើការវិនិយោគ។  មុនដំបូងគេ គឺមានក្រុមហ៊ុនចិន «យូញៀន គ្រុប» ( UNION GROUP ) បានធ្វើការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍ក្នុងលំហសមុទ្រដែលគួរឲ្យទាក់ទាញបំផុត  និងមានភាពល្បីល្បាញនៅកម្ពុជា គួបផ្សំទៅនឹងការអភិវឌ្ឍច្រកសេដ្ឋកិច្ចដឹកជញ្ជូនខ្នាតអន្តរជាតិដ៏ធំភ្ជាប់ទៅនឹងពិភពលោក។ ក្រោយមក ក្រុមហ៊ុន វីរៈប៊ុនថាំ របស់លោកឧកញ៉ា សួរ វីរៈ បានសាងសង់គម្រោង រីសត សណ្ឋាគារ និងកំពង់ផែទេសចរណ៍ នៅលើកោះស្ដេច។ 

 

១៥. កោះម្នាស់

កោះម្នាស់ ទីតាំងស្ថិតនៅតំបន់តារាសាគរ ក្នុងភូមិសាស្រ្តស្រុកគិរីសាគរ ខេត្តកោះកុង។ គេត្រូវជិះទូកប្រហែល ២០ នាទីពីកំពង់ផែទូកក្តោងតារាសាគរ ទើបទៅដល់កោះមួយនេះ។ កោះម្នាស់ គឺជាកោះដែលពុំសូវមានអ្នកស្គាល់ឡើយ ប៉ុន្តែមានទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ ដែនកោះដែលមានទឹកសមុទ្រថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់សក្បុស ដើមដូងដុះទេរចេញពីឆ្នេរសមុទ្រ ខ្យល់បរិសុទ្ធ មុជទឹកមើលផ្កាថ្ម ស្ទូចត្រី ផឹកដូងត្រជាក់ដល់បេះដូង។

នាពេលបច្ចុប្បន្ន កោះម្នាស់ត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ ដែលគ្រោងនឹងរៀបចំទីតាំងកោះដ៏ស្រស់ត្រកាល ដែលសម្បូរទៅដោយដើមដូង ទឹកថ្លាដូចកញ្ចក់ និងមានឆ្នេរខ្សាច់សក្បុស មួយនេះឲ្យក្លាយជាតំបន់សម្រាកលម្ហែកម្សាន្តប្រណីតបែបអេកូទេសចរណ៍តំបន់ឆ្នេរប្រចាំខេត្តកោះកុង។ 

 

១៦. កោះទទឹង 

កោះទទឹង គឺជាកោះទេសចរធម្មជាតិដ៏សែនមនោរម្យមួយ មួយដែលមានទំហំ ០,៨ គីឡូម៉ែត្រការ៉េ ហើយស្ថិតនៅជិតកោះឆាន់ និងកោះស្ដេច ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រប៉ុណ្ណោះពីផែកោះស្ដេច។ 

ប៉ុន្តែកោះមួយនេះ មិនធ្លាប់ទទួលបានការអភិវឌ្ឍឡើយ។  រហូតមកដល់ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានយល់ព្រមឱ្យក្រុមហ៊ុន ដែននគរ ឯ.ក. (DEN NOKOR (CAMBODIA) INVESTMENT CO., LTD) ធ្វើការវិនិយោគអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍លើកោះទទឹង ជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ជាមួយទុនវិនិយោគប្រមាណ ៣០ លានដុល្លារអាមេរិក។ 

(ប្រភពរូបភាព៖ អ៉ីនធើណេត)

 

ជារួម ទោះបីជាកោះនៅប្រទេសកម្ពុជាទទួលបានការវិនិយោគជាបន្តបន្ទាប់ ប៉ុន្តែហាក់បីដូចជានៅមានកម្រិតនៅឡើយ ដោយហេតុថាការអភិវឌ្ឍសំណង់នានា នៅលើកោះត្រូវចំណាយទុនខ្ពស់រហូតដល់ ៣ ដងនៃការអភិវឌ្ឍនៅលើដីគោក ដែលនេះធ្វើឱ្យគម្រោងវិនិយោគនៅលើកោះគឺ ត្រូវការរយៈពេលយូរ។ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជាក៏បានគាំទ្រយ៉ាងពេញទំហឹង និងស្វះស្វែងរកនូវវិធីសាស្រ្តសម្របសម្រួលទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជន ដែលយើងរំពឹងថា កោះនានានៅប្រទេសកម្ពុជា នឹងទទួលបានការវិនិយោគយ៉ាងពេញលេញ ហើយអាចទាក់ទាញភ្ញៀវទេសចរ ឬអ្នកវិនិយោគឲ្យកាន់តែច្រើននាពេលអនាគត។ 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)