ដូចដែលច្បាប់បានចែងថា ជនបរទេសមិនអាចមានសិទ្ធិទិញដីនៅប្រទេសកម្ពុជាបាន ដូចជាការទិញខុនដូនោះទេ ដោយសារតែខុនដូគឺមានប្លង់កម្មសិទ្ធិសម្រាប់ម្ចាស់នីមួយៗ និងដីគឺនៅក្រោមកម្មសិទ្ធិរបស់ម្ចាស់អភិវឌ្ឍគម្រោង ហើយអាចទិញបានចាប់ពីជាន់ទីពីរឡើងទៅតែប៉ុណ្ណោះ មិនអាចទិញជាន់ផ្ទាល់ដីបានឡើយ។ តែទោះបីជាយ៉ាងណា ប្រសិនបើវិនិយោគិនបរទេសពិតជាមានបំណងក្នុងការវិនិយោគលើវិស័យដីធ្លី ខមភើស សូមនាំយកចំណុចមួយចំនួនខាងក្រោមមកបង្ហាញដល់អ្នកអាន សម្រាប់ជាជំនួយទៅលើប្រតិបត្តិការទិញដីធ្លី នៅក្នុងប្រទេសកម្ពុជា។
១. វិនិយោគទៅលើដីដែលមានភតិសន្យារយៈពេលវែង
ក្នុងករណីនេះ ជនបរទេសឬក្រុមហ៊ុនបរទេស ត្រូវបានអនុញ្ញាតឱ្យមានសិទ្ធ គ្រប់គ្រងលើដីដែលមានម្ចាស់ជាជនជាតិខ្មែរ តាមរយៈភតិសន្យា ដែលមានរយៈពេលជួលវែង ក៏ដូចជាធានាសិទ្ធិលើទ្រព្យសម្បត្តិដល់រូបវន្តបុគ្គល និងក្រុមហ៊ុនបរទេស។
ភតិសន្យាសម្រាប់ជួលអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា អាចមានរយៈពេលយ៉ាងតិច ១៥ ឆ្នាំ រហូតដល់ ៥០ ឆ្នាំ។ រយៈពេលនៃកិច្ចសន្យាជួល ក៏អាចត្រូវបានពន្យារ រយៈពេល ៥០ ឆ្នាំជាប់ៗគ្នាផងដែរ។ កិច្ចសន្យាជួលអាចរួមបញ្ចូលនូវលក្ខខណ្ឌថា ដីដែលត្រូវបានជួលនេះ នឹងមិនត្រូវបានលក់ទៅឱ្យអ្នកផ្សេង ដោយគ្មានការយល់ព្រមពីភតិកៈឡើយ។ វិធីសាស្រ្តនេះគឺសាមញ្ញបំផុត និងផ្តល់នូវការការពារខ្លះដែលបញ្ជាក់ពី សិទ្ធិស្របច្បាប់របស់ជនបរទេសទៅលើកម្មសិទ្ធិដីធ្លី។
២. ចូលជាសញ្ជាតិកម្ពុជា
យោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងប្រទេស។ ដូច្នេះការទទួលបានសញ្ជាតិខ្មែរនឹងធ្វើឱ្យជនបរទេស មានសិទ្ធិកាន់កាប់ដីទាំងស្រុង ដោយមិនចាំបាច់ចាប់ដៃគូ ជាមួយម្ចាស់ភាគហ៊ុនដែលជាជនជាតិខ្មែរ ឬជួល ឬ អ្នកឈរឈ្មោះជំនួសនោះទេ។
ប៉ុន្តែបើយើងពិនិត្យទៅលើការអនុវត្តន៍ អាចនិយាយបានថាមានភាពលំបាកក្នុងការទទួលបានសញ្ជាតិណាស់ ព្រោះត្រូវគិតពីលទ្ធភាពសម្រាប់វិនិយោគិនដែលអាចដាក់ទុនច្រើនបំផុត ចូលក្នុងប្រទេសបានតាមរបៀបដូចជា៖
⁕ រស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច ៧ ឆ្នាំ និងបង្ហាញភាពស្ទាត់ជំនាញខាងភាសាខ្មែរ
⁕ ធ្វើការបរិច្ចាគ ឬ មានទុនវិនិយោគចំនួន ៣៣ ម៉ឺនដុល្លារអាមេរិក
៣. វិនិយោគនៅលើដីសម្បទានរបស់រដ្ឋ
ការអនុញ្ញាតឱ្យបុគ្គលឬនីតិបុគ្គលកាន់កាប់ប្រើប្រាស់ និងមានសិទ្ធិលើកម្មសិទ្ធិដីធ្លី ត្រូវបានគេហៅថា“ សម្បទានដី” ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀង ដែលបានចេញដោយអាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជា។
ដីសម្បទានដែលត្រូវគេស្វែងរកច្រើននោះគឺ គឺដីសម្បទានសម្រាប់សេដ្ឋកិច្ច ដែលជាទូទៅត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម។ លើសពីនេះ ដីសម្បទានសេដ្ឋកិច្ចអនុញ្ញាតឱ្យវិនិយោគិនឈូសឆាយដី សម្រាប់គោលបំណងឧស្សាហកម្ម។ ទោះយ៉ាងណា ដីសម្បទានគឺមានកំណត់ ចំពោះតែដីដែលមិនលើសពី ១ ម៉ឺនហិកតាប៉ុណ្ណោះ។ ប៉ុន្តែដូចគ្នាដែរ ជាមួយនឹងកិច្ចសន្យាជួលរយៈពេលវែង វិធីសាស្ត្រនេះត្រូវបានផ្តល់តាមរយៈការផ្តល់សម្បទានរយៈពេល ៥០ ឆ្នាំ ហើយជាកម្មវត្ថុនៃការបន្ត។
សម្រាប់ការដាក់ពាក្យសុំបែបនេះ អាចចំណាយពេលខ្លះ ព្រោះវិនិយោគិនត្រូវដាក់ពាក្យសុំសិទ្ធិរបស់ពួកគេលើកម្មសិទ្ធិដីធ្លី តាមរយៈក្រសួងកសិកម្ម។ បន្ទាប់មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងមកពីក្រសួងកសិកម្ម និងអាជ្ញាធរខេត្តពាក់ព័ន្ធមួយចំនួន នឹងត្រូវការការយល់ព្រមលើពាក្យសុំនេះ ដោយពិចារណាលើផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថានដែលអាចកើតមាន។
បន្ទាប់ពីមន្រ្តីដែលពាក់ព័ន្ធបានអនុម័តលើសម្បទានហើយ នឹងត្រូវដល់ផ្នែកការិយាល័យរបស់នាយករដ្ឋមន្រ្តី ដែលត្រូវចុះហត្ថលេខានិងផ្តល់សិទ្ធិដល់ក្រសួងកសិកម្ម ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដីសម្បទានជាផ្លូវការ។ រយៈពេលដើម្បីបញ្ចប់ដំណើរការ និងផ្តល់សម្បទានជាធម្មតា នៅចន្លោះពីប្រាំមួយទៅប្រាំបួនខែ។
៤. អាចបង្កើតក្រុមហ៊ុនវិនិយោគលើដីធ្លី ដោយមានដៃគូជាជនជាតិខ្មែរ
ជនបរទេសម្នាក់អាចបង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លី (LHC) តាមរយៈការបណ្តាក់ទុនរួមគ្នាដោយមានភាគហ៊ុនរបស់ម្ចាស់ដែលត្រូវជាជនជាតិខ្មែរចំនួន ៥១ ភាគរយ ហើយភាគហ៊ុនជនជាតិបរទេសមានត្រឹមតែ ៤៩ ភាគរយប៉ុណ្ណោះ ។ ក្រុមហ៊ុនប្រភេទនេះមានលទ្ធភាពទិញដីនិងអចលនទ្រព្យផ្សេងៗទៀត នៅកម្ពុជា។
ជម្រើសនេះ គឺជាជម្រើសមួយដែលមានហានិភ័យទាបបំផុត ពីព្រោះថា ក្រុមហ៊ុននិងទ្រព្យសម្បត្តិទាំងអស់ ត្រូវបានកំណត់រចនាសម្ព័ន្ធ ដើម្បីផ្តល់នូវកម្រិតសុវត្ថិភាព ដល់ម្ចាស់ភាគហ៊ុនបរទេសឬអ្នកផ្តល់ប្រាក់កម្ចី។ តែទោះយ៉ាងណាក៏ដោយ វិធីសាស្រ្តនេះអាចមានថ្លៃចុះបញ្ជីច្រើន ថ្លៃចំណាយប្រចាំឆ្នាំសម្រាប់អ្នកគ្រប់គ្រងនិងបន្ទុកពន្ធខ្ពស់ ដែលអាចជះឥទ្ធិពលដល់ការបែងចែកភាគលាភផងដែរ។
៥. មានអ្នកឈរឈ្មោះ
វិធីទិញដីដោយមានអ្នកឈរឈ្មោះជំនួសនេះ គឺជាវិធីមួយដែលគេពេញនិយមជាងវិធីដទៃទៀត។ និយាយដោយសាមញ្ញទៅ បើទិញតាមរយៈអ្នកតំណាងជនជាតិខ្មែរ មានន័យថាអ្នកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងជឿទុកចិត្ត ជាមួយពលរដ្ឋខ្មែរនោះ ក្នុងការសម្រេចឲ្យគាត់មានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងដី។
ជាធម្មតា ម្ចាស់ដីដាក់បញ្ចាំដី ហើយជួលវាឱ្យអ្នក ដែលជាអ្នកវិនិយោគ។ ឯកសារជាច្រើនផ្សេងទៀត គួរតែត្រូវបានរៀបចំឡើង ត្រូវបានគេហៅថា “បរធនកិច្ច ឬ កិច្ចព្រមព្រៀងឈរឈ្មោះ” ។ ឯកសារទាំងនោះនឹងបង្ហាញពីសិទ្ធិដែលអ្នកមាន ដើម្បីគ្រប់គ្រងដីនិងកាត់បន្ថយហានិភ័យ នៅពេលអ្នកឈរឈ្មោះ ដែលត្រូវបានតែងតាំង ចង់លក់ ផ្ទេរ ឬជួលដីនោះទៅឱ្យអ្នកផ្សេង។
៦. រៀបការជាមួយជនជាតិខ្មែរ
ប្រហាក់ប្រហែលនឹងអ្នកឈរឈ្មោះដែរ នៅពេលដែលជនបរទេសរៀបការជាមួយពលរដ្ឋខ្មែរ ពួកគេត្រូវបានអនុញ្ញាតឱ្យទិញដីធ្លី ក្រោមឈ្មោះប្តី ឬប្រពន្ធរបស់ពួកគេ លើប័ណ្ណកម្មសិទ្ធិ។
គួរកត់ចំណាំផងដែរថា តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសដែលរៀបការជាមួយពលរដ្ឋខ្មែរ ប៉ុន្តែមិនមែនជាសញ្ជាតិខ្មែរ មិនអនុញ្ញាតឱ្យចុះបញ្ជីលើប័ណ្ណកម្មសិទ្ធិឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើជនបរទេសត្រូវបានផ្តល់សញ្ជាតិទាំងប្តីប្រពន្ធ និងឈ្មោះជនបរទេស ត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅលើប័ណ្ណកម្មសិទ្ធិដីធ្លី។
1